(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងប្រធានាធិបតីម៉ិចស៊ីកូ លោក អេនរីក ផេណា នាតូ បានធ្វើការពិភាក្សាគ្នាជាលើកដំបូងតាមទូរស័ព្ទ ដែលមានរយៈពេលពេលជាងមួយម៉ោង​ឯណោះ ខណៈដែលប្រទេសជិតខាងទាំងពីរកំពុងមានជម្លោះក្តៅគគុក រឿងបញ្ហាព្រំដែន និងជនភៀស​ខ្លួន ដោយសារតែអាមេរិកបានទម្លាក់បន្ទុកទាំងស្រុងទៅលើម៉ិចស៊ីកូ។ នេះបើតាមការចេញផ្សាយ​នៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃសៅរ៍ ទី២៨ ខែមករា ឆ្នាំ២០១៧។

ក្រោយកិច្ចពិភាក្សាគ្នាតាមទូរស័ព្ទបញ្ចប់ ការិយាល័យប្រធានាធិបតីម៉ិចស៊ីកូ បានចេញសេចក្តី​ថ្លែងការណ៍មួយនៅយប់ថ្ងៃសុក្រថា «ជាការឆ្លើយតបឲ្យបាន​សមរម្យទៅនឹងការចំណាយ ទៅលើ​​ជញ្ជាំង​​ព្រំដែន ប្រធានាធិបតីទាំងពីរបានបញ្ជាក់អំពីភាពច្បាស់លាស់ និងភាពខុសប្លែកគ្នារវាង​ជំហរប្រទេសទាំងពីរទៅលើបញ្ហាដ៏រសើបនេះ។ ដូច្នេះប្រធានាធិបតីទាំងពីរបានសម្រេចចិត្ត ឲ្យមានការ​ពិភាក្សាយ៉ាងបើកទូលាយ​ អំពីបញ្ហារកាំរកូសនេះតែម្តង»

ជុំវិញបញ្ហានេះដែរលោក ដូណាល់ ត្រាំ បានលើកឡើងថា «យើងមានការជជែកគ្នាយ៉ាងល្អ។ ព្រំដែន​មានសភាពធូររលុង ហើយគ្រឿងញៀនកំពុងមានឥទ្ធិពលជ្រៀតចូល ដូច្នេះខ្ញុំមិនអនុញ្ញាតឲ្យមាន​រឿង​នេះ​កើតមានឡើងបានឡើយ។ ខ្ញុំមានការយោគយល់ខ្ពស់​ចំពោះប្រទេស​ម៉ិចស៊ីកូ ហើយខ្ញុំស្រឡាញ់​​ប្រជាជនម៉ិចស៊ីកូ»។ ទោះបីជាបែបនេះក្តី វាមានន័យថាភាគីទាំងពីរមិនទាន់បានពិភាក្សាគ្នា​ ឲ្យបាន​ស៊ីជម្រៅអ្វី​នោះឡើយ ហើយការខ្វែងគំនិតគ្នានេះ​ក៏មិនដឹងថា នឹងបន្តដល់ពេល​ណានោះដែរ។

គួរបញ្ជាក់ថាលោក ផេណា នាតូ ប្រធានាធិបតីម៉ិចស៊ីកូ បានគ្រោងរៀបចំដំណើរទស្សនកិច្ច ទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃអង្គារសប្តាហ៍ក្រោយ ប៉ុន្តែក្រោយពីការជម្រិតឲ្យ​ម៉ិចស៊ីកូ ចេញថ្លៃកសាងជញ្ជាំងព្រំដែន និងការទាមទារពន្ធនាំចូលតាមព្រំដែនចំនួន ២០%នោះ រដ្ឋាភិបាលម៉ិចស៊ីកូ ក៏បានសម្រេចលុបចោលដំណើរនោះតែម្តង៕