(បាងកក)៖ តុលាការមួយរបស់ថៃបានកាត់ទោសបុរសម្នាក់ ដាក់ពន្ធនាគារចំនួន ១១ឆ្នាំ និងបួនខែ​ក្រោមបទចោទប្រកាន់ថា​ បានបរិហាកេរ្តិ៍ខ្សែរាជវង្ស និងបទឧក្រិដ្ឋកម្មកុំព្យូទ័រ​តាមរយៈការបង្ហោះសារនានា នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook របស់លោក​កាលពី​ឆ្នាំ២០១៦។ នេះបើតាមការដកស្រង់ចេញពីសារព័ត៌មាន Channel News Asia នាយប់ថ្ងៃសុក្រ ទី២៧ ខែមករា ឆ្នាំ២០១៧។

បុរសដែលត្រូវបានកាត់ទោសឲ្យ​ជាប់ពន្ធនាគារខាងលើនេះ​ឈ្មោះ Burin Intin មានអាយុ ២៨ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពី​ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីបានចូលរួម​​នៅក្នុងការ​តវ៉ា​ដោយ​សន្តិវិធី​មួយ​ប្រឆាំង​របបដឹកនាំ​យោធាថៃ។ មេធាវីរបស់លោក Burin Intin បានថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា កូនក្តីរបស់លោក​នឹងមិនធ្វើការប្តឹង​ឧទ្ធរណ៍នោះឡើយ ប៉ុន្តែលោក​នឹងដាក់លិខិត​ស្នើសុំព្រះរាជទានទោស​ពីព្រះមហាក្សត្រ។

គួរបញ្ជាក់ថាច្បាប់រដ្ឋធម្មនុញ្ញថៃបានចែងអំពីស្ថានទម្ងន់ទោសដ៏ធ្ងន់ធ្ងរ សម្រាប់អ្នកដែលបាន​ជេរប្រមាថ ឬបរិយារកេរ្តិ៍ក្រុមគ្រួសារញាតិវង្សថៃ ជាពិសេសទៅលើ ព្រះមហាក្សត្រ មហាក្សត្រី និងព្រះរាជទាយាទ​ជាដើម។ អ្នកទោសនីមួយៗនឹងអាចជាប់ពន្ធនារហូតដល់ទៅ ១៥ឆ្នាំឯណោះ៕