(វ៉ាស៊ីនតោន)៖ ទីបំផុតសេតវិមានអាមេរិក បានបញ្ចេញព័ត៌មានជាផ្លូវការមកហើយ គឺនៅថ្ងៃសៅរ៍​ចុងសប្តាហ៍នេះ លោក ដូណាល់ ត្រាំ ប្រធានាធិបតីថ្មីនៃសហរដ្ឋអាមេរិក នឹងធ្វើការពិភាក្សាគ្នាជាផ្លូវ​ការលើកដំបូងតាមទូរស័ព្ទ ជាមួយនឹងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន, ប្រធានាធិបតីបារាំង​លោក ហ្វ្រង់ស័រ ហូឡង់, និងអធិការបតីអាល្លឺម៉ង់ លោកស្រី អេនជេឡា ម៉ាគែល។ នេះបើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាយប់ថ្ងៃសុក្រ ទី២៧ ខែមករា ឆ្នាំ២០១៧។

គួររំលឹកថាគ្រាន់តែលោក ដូណាល់ ត្រាំ បានឈ្នះឆ្នោតក្លាយជាប្រធានាធិបតីអាមេរិកភ្លាមៗនោះ លោក វ្ល៉ាឌីមៀ ពូទីន បានរៀបចំក្រុមមន្ត្រីកំពូលៗក្នុងជួររដ្ឋាភិបាល រៀបចំសេចក្តីថ្លែងការណ៍ និងអានចេញដោយខ្លួនលោកផ្ទាល់ថែមទៀត ដែលប្រការនេះបានបង្ហាញយ៉ាងច្បាស់ថា លោក ពូទីន ចង់បានទំនាក់ទំនងប្រសើរឡើងវិញជាមួយសហរដ្ឋអាមេរិក ដើម្បីរំដោះខ្លួនចេញពីទណ្ឌកម្មនានា ដែលបានដាក់ដោយអតីតរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា។

ទោះបីជាបែបនេះក្តី​គេនៅមិនទាន់ដឹងថា តើកិច្ចពិភាក្សាជាមួយមេដឹកនាំកំពូលៗដូចជា រុស្ស៊ី បារាំង និងអាល្លឺម៉ង់នោះសហរដ្ឋ​អាមេរិក ដែលទើប​រៀបចំរដ្ឋបាល​ដឹកនាំថ្មី នឹងលើកយក​បញ្ហាអ្វី​មកពិភាក្សា​​​​នោះឡើយ ប៉ុន្តែអ្វីដែល​គ្រប់គ្នាចាំបាន​នោះ គឺលោក ត្រាំ ធ្លាប់បាន​បញ្ជាក់ជាច្រើន​លើកថា លោកចង់មានទំនាក់ទំនងល្អជាមួយមេដឹកនាំប្រទេសរុស្ស៊ី លោក ពូទីន៕