(ម៉ូស្គូ)៖ ប្រទេសរុស្ស៊ីបានចេញសេចក្តីអំពាវនាវមួយឲ្យសហរដ្ឋអាមេរិក ធ្វើការលើកលែង​ការចោទប្រកាន់ ដល់​អ្នករាយ​ការណ៍ព័ត៌មានមួយរូប របស់បណ្តាញ​ព័ត៌មានរុស្ស៊ី Russia Today (RT TV) ប្រចាំ​សហរដ្ឋអាមេរិកដែលត្រូវបាន​ចាប់ឃុំខ្លួន ខណៈកំពុង​បំពេញ​កាតព្វកិច្ច​​របស់ខ្លួន ប្រកប​ដោយវិជ្ជាជីវៈ។ នេះបើតាម​ការចេញ​ផ្សាយដោយទីភ្នាក់ងារ​ព័ត៌មានចិនស៊ិនហួរ នាយប់ថ្ងៃសុក្រ ទី២៧ ខែមករា ឆ្នាំ២០១៧។

លោក Alexander Rubinstein គឺជាអ្នករាយការណ៍ព័ត៌មានមួយរូបរបស់ RT America TV ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រ សប្តាហ៍មុននៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ជាមួយនឹងសារព័ត៌មាន​មួយចំនួនទៀត ដែលបានព្យាយាមផ្តិតយកព្រឹត្តិការណ៍នៃការតវ៉ាប្រឆាំង ពិធីស្បថឡើងកាន់តំណែង​ជាផ្លូវការ របស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ហើយក៏ត្រូវបានដោះលែង ឲ្យនៅក្រៅឃុំ​ជាបណ្តោះអាសន្ន ក្រោយពី​បានទទួលការសាកសួរអំឡុងពេល ២៤ម៉ោង។

គួរបញ្ជាក់ថា លោក Rubinstein ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋដែលបានចូលរួមក្នុងអំពើកុប្បកម្ម​ នៅថ្ងៃស្បថឡើងកាន់តំណែងរបស់លោក ត្រាំ ដែលនឹងប្រឈមមុខជាប់ពន្ធនាគាររយៈពេល ១០ឆ្នាំ និងពិន័យជាប្រាក់ ២៥,០០០ដុល្លារអាមេរិក ដែលតុលាការនឹងធ្វើការសាកសួរជាលើកដំបូង​នៅ​ថ្ងៃទី១៦ ខែកុម្ភៈ ខាងមុខនេះ៕