(ហ្វាំងឡង់)៖ ប្រធានាធិបតី​អ៊ុយក្រែន លោក Petro Poroshenko បានថ្លែងថា​ពុំមានហេតុផល​ណាមួយ ក្នុងការដក​ទណ្ឌកម្មដែលត្រូ​វបាន​ដាក់​​ដោយ​សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប​ចេញពី​ប្រទេស​រុស្ស៊ីវិញនោះ​ឡើយ។ នេះបើតាម​កាចេញផ្សាយ​ដោយទីភ្នាក់ងារ​ព័ត៌មានចិនស៊ិនហួរ នៅ​មុន​នេះបន្តិច​នាព្រឹក​ថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០១៧។

ការលើកឡើង​បែបនេះ​ត្រូវបានធ្វើឡើង​ បន្ទាប់ពីប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ ដែលបានថ្លែង​នៅក្នុងបទសម្ភាសន៍​មួយជា​មួយ​​កាសែត Wall Street Journal ថាលោក​បានបើកចំហ​ចំពោះការ​ដកទណ្ឌកម្ម​ប្រឆាំងនឹង​រុស្ស៊ីចេញវិញ។ លោក Petro Poroshenko ​ដែល​​កំពុង​បំពេញដំណើរ​ទស្សនកិច្ច​នៅប្រទេស​ហ្វាំងឡង់ ​ក៏បាន​បន្ថែមដែរថា អ៊ុយក្រែនពិតជារីករាយប្រសិនបើរុស្ស៊ី​បំពេញ​រាល់​លក្ខ​ខណ្ឌ​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង Minsk ដែលត្រូវបានចុះហត្ថលេខាកាលពី​ខែកុម្ភៈ ឆ្នាំ២០១៥ ក្នុងប្រទេស Belarus ជាមួយ​ការ​សម្រុះ​​សម្រួល​ពី​បារាំង​ និង​អាល្លឺម៉ង់​ដើម្បីអំពាវនាវឲ្យមាន​បទឈប់បាញ់ ព្រមទាំង​​វិធានការ​នយោបាយ សេដ្ឋកិច្ច និងសង្គម សំដៅ​បញ្ចប់​​ជម្លោះ​នៅ​ភាគ​ខាង​កើត​​ប្រទេសអ៊ុយក្រែន។

ថ្លែងនៅក្នុងសន្និសីទ​សារព័ត៌មានរួមគ្នាមួយ ប្រធានាធិបតី​ហ្វាំងឡង់ លោក Sauli Niinisto បានបញ្ជាក់​គោលជំហរ​របស់ហ្វាំងឡង់​ ចំពោះ​វិបត្តិ​​នៅអ៊ុយក្រែន​ជាថ្មី​ម្តងទៀតដោយអះអាងថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កិច្ចព្រមព្រៀង Minsk គួរតែត្រូវគោរព និងអនុវត្តន៍ឲ្យបានឆាប់តាមតែអាចធ្វើទៅបាន ដែល​​វាគឺជាលក្ខខណ្ឌ​ចាំបាច់​មុនពេល​មាន​ការ​ដកទណ្ឌកម្មកើតឡើង។ មួយវិញទៀត​លោក Niinisto បានបន្តថា​រូបលោកមិនបាន​ជឿបន្តិចសោះ​ឡើយ​ថា​ សហរដ្ឋអាមេរិក​នឹងផ្លាស់ប្តូរគោល​នយោបាយ​របស់ខ្លួន ហើយលើកទណ្ឌកម្ម​ចេញពី​ប្រទេសរុស្ស៊ី។

គួរបញ្ជាក់ថា​ចាប់តាំងពីឆ្នាំ២០១៤មក អាមេរិក សហភាពអឺរ៉ុប និងសម្ព័ន្ធមិត្តរបស់ខ្លូន​មួយចំនួន​ទៀត បានដាក់ទណ្ឌកម្ម​ជាច្រើនទៅលើ​​ប្រទេសរុស្ស៊ី ចំពោះការលេបយកតំបន់គ្រីមា និងបទចោទ​ប្រកាន់​ដែលថា​ រដ្ឋាភិបាលទីក្រុងម៉ូស្គូ​មានជាប់ពាក់ព័ន្ធ​នឹង​វិបត្តិនៅអ៊ុយក្រែន៕