(រីយ៉ូ)៖ ទណ្ឌិតយ៉ាងហោច​ណាស់ ១៥០នាក់​បានរត់គេចខ្លួន​ចេញពីពន្ធនាគារមួយកន្លែង​នៅប្រទេស​ប្រេស៊ីល នាថ្ងៃអង្គារ (ពេលវេលាក្នុង​ទីក្រុងរីយ៉ូ) នៅក្រោយពេល​ការប៉ះទង្គិចគ្នា​ដោយអំពើហិង្សា​ទ្រង់ទ្រាយធំ​ថ្មីមួយ​ផ្សេងទៀតបានផ្ទុះឡើង។ នេះបើតាមការដក​ស្រង់ការ​ផ្សាយចេញពីសារព័ត៌មាន Euro News នៅមុននេះ​បន្តិចនាព្រឹក​ថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០១៧។

ខែ្សវីដេអូ​ដែលផ្តិតយករូបភាព​ពីលើ​ឧទ្ធម្ភាគចក្រ​បានបង្ហាញ​ឲ្យឃើញថា​ មានផ្សែងខ្មៅអួរអាប់បានហុយចេញ​ពី​ពន្ធនាគារ​​កើតហេតុ​​ខាងលើ​​​ដែលស្ថិត​ក្នុង​ក្រុង Bauru ចម្ងាយប្រមាណ ​៣៥០គីឡូម៉ែត្រ​ភាគខាងលិច​​ទីក្រុង Sao Paulo បន្ទាប់ពីវា​ត្រូវបានក្រុមអ្នកទោសដុតបំផ្លាញ។ ជាមួយគ្នានេះ​អាជ្ញាធរ​ប្រេស៊ីល​បាន​ឲ្យដឹងថា​ អ្នកទោសចំនួន​៩០នាក់​ដែលបាន​ហែកគុក ត្រូវបាន​ចាប់ខ្លួនយកមកវិញ​ហើយ រីឯពន្ធនាគារ​​វិញ​ក៏វិល​មកស្ថិតក្រោមការ​គ្រប់គ្រងជា​ធម្មតាវិញផងដែរ។

គួរបញ្ជាក់ថា​ការប៉ះទង្គិចគ្នា​ខាងលើគឺជាករណីថ្មីចុងក្រោយ​ក្នុងចំណោមការ​ផ្ទុះអំពើហិង្សា​ក្នុងពន្ធនាគារ​នៃប្រទេសប្រេស៊ីល ហើយគិត​ចាប់​តាំងពី​ដើមឆ្នាំ២០១៧​នេះមក មនុស្សចំនួន​ប្រហែល​១៤០នាក់​បានស្លាប់​នៅពន្ធនាគារ​នានាទូទាំងប្រទេស​ប្រេស៊ីល៕