(វ៉ាស៊ីនតោន)៖ ដោយផ្ទុយ​ពីមតិយល់ឃើញថា​ ទំនាក់ទំនងរវាង​សហរដ្ឋអាមេរិក​ និងចិន​អាចធ្លាក់​ចូលជ្រៅ​ក្នុងភាពមិនច្បាស់លាស់ និងអស្ថិរភាព​​នៅក្រោម​ការដឹកនាំ​នៃរដ្ឋបាល​លោក ដូណាល់ ត្រាំ នោះ អ្នកជំនាញ​ជាច្រើនរូប​បានលើកឡើង​ថា​ មហាអំណាច​ពិភពលោកទាំងពីរ​នេះ​អាច​ជៀសវាង​ជោគវាសនាអាក្រក់​ទាំងឡាយ​បាន ដោយការចាប់ផ្តើមកិច្ច​សន្ទនា​រវាងគ្នា​និងគ្នា​ឲ្យបានឆាប់​តាមតែអាច​ធ្វើទៅបាន។ នេះបើ​តាម​ការ​ចេញផ្សាយ​ដោយទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិនហួរ នៅមុននេះ​បន្តិចនារសៀល​ថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០១៧។

ចាប់តាំងពី​អំឡុងយុទ្ធនា​ការឃោសនា​រកសំឡេង​ឆ្នោត​ រហូតដល់​បានក្លាយជា​ប្រធានាធិបតី​អាមេរិក​ លោក ដូណាល់ ត្រាំ បានបន្ត​រិះ​គន់ខ្លាំងៗ​លើ​​ប្រទេស​ចិន ​ចំពោះ​ការខាតបង់​នៅក្នុងការ​ធ្វើពាណិជ្ជកម្ម​ ក៏ដូចជា​ការបាត់បង់​ការងារ​របស់​សហរដ្ឋ​អាមេរិក។ បន្ថែមពីនេះ​រូបលោក​ក៏បាន​គំរាម​​​នឹង​តំឡើង​​​ថ្លៃ​ពន្ធ​ក្នុងកម្រិតខ្ពស់​​ ទៅលើទំនិញ​របស់ចិន​ផងដែរ ដោយមិន​គិតពីការ​ខាតប្រយោជន៍​ចំពោះភាគីទាំងពីរ​នោះឡើយ ស្របពេល​​​ដែល​សេដ្ឋកិច្ច​របស់អាមេរិក​ និងចិនត្រូវ​បានរួមបញ្ចូល​គ្នាយ៉ាង​ស៊ីជម្រៅ។ ម៉្យាងវិញ​ទៀត​លោក ដូណាល់ ត្រាំ ក៏បានសង្កត់​ធ្ងន់ទៀត​ថា «គោល​នយោបាយ​ចិនតែមួយ» ដែលសំខាន់​បំផុតសម្រាប់​ទីក្រុងប៉េកាំង​នោះ នឹងត្រូវធ្វើ​ការចរចា​ឡើងវិញ​ផងដែរ។

មនុស្សគ្រប់គ្នា​បានមើលឃើញ​យ៉ាងច្បាស់​ហើយថា​ លោក ដូណាល់ ត្រាំ ដែលទើប​តែបានស្បថ​ចូលកាន់តំណែង​ជា​ប្រធានាធិបតីថ្មី​ របស់​សហរដ្ឋអាមេរិក​បន្តពី​លោក បារ៉ាក់ អូបាម៉ា បានត្រៀម​ខ្លួនរួចជា​ស្រេច​ដើម្បីប្រកាន់​ជំហរ​តឹងរ៉ឹង​ ចំពោះប្រទេសចិន​ជុំវិញបញ្ហា​ជាច្រើន ហេតុ​ដូច្នេះ​ហើយ​អ្នកជំនាញអាមេរិក​ជាច្រើនរូប​សង្ឃឹម​ថាប្រទេសទាំងពីរ​អាចស្វែងរក​ដំណោះស្រាយ​ដ៏សមស្រប​ថ្មីមួយ​តាម​រយៈ​ការ​​ពិភាក្សា​ដែល​គួរ​តែ​ធ្វើឡើង​ឲ្យបានឆាប់បំផុត ដោយពួកគេ​យល់ស្រប​ថា​ បញ្ហាជម្លោះ​ផ្សេងៗ​​នឹង​បង្ក​ផល​ប៉ះ​ពាល់​​យ៉ាង​ខ្លាំង​​ដល់​​សហរដ្ឋអាមេរិក និងចិន៕