(វ៉ាស៊ីនតោន)៖ អ្នកនាំពាក្យសេតវិមាន លោក ស៊ីន ស្ពៃសឺ (Sean Spicer) បានអះអាងថា រដ្ឋបាលអាមេរិក ថ្មីរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ នឹងធ្វើការងារជាមួយរុស្ស៊ី ឬមិនថានរណាក៏ដោយឱ្យតែអាច​កម្ទេចក្រុម ISIS កាន់តែឆាប់កាន់តែល្អ​។ នេះបើតាមការ​ចេញផ្សាយដោយសារព័ត៌មាន Sputnik ​នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០១៧។

ថ្លែងនៅក្នុង​សន្និសីទសារព័ត៌មាន លោក ស៊ីន ស្ពៃសឺ បានលើក​ឡើងដូច្នេះ​ថា «បើសិនជាវាជាមធ្យោបាយ ដែលយើងអាចកម្ទេចក្រុម ISIS យើងនឹងសហការជាមួយបណ្ដាប្រទេសទាំងឡាយ មិនថារុស្ស៊ី ឬនរណាក៏ដោយ ហើយយើងនឹងចែករំលែកផលប្រយោជន៍ជាតិនៅក្នុងការងារនេះ»។ ក៏ប៉ុន្តែ នៅពេលអ្នកសារព័ត៌មានជជីកសួរ «ពាក្យថានរណាក៏ដោយ» តើ​ទីក្រុងវ៉ាស៊ីនតោន​ចង់មាន​ន័យថា នឹង​យល់ព្រម​សហការ​ជាមួយ​ប្រធានាធិបតី​ស៊ីរី លោក បាហ្សា អាល់ អាស្សាដ ដែរឬទេ? លោក ​ស្ពៃសឺ បានបដិសេធមិនធ្វើអត្ថាធិប្បាយ ដោយបានបង្វែរសំណួរទៅកាន់​ក្រសួងការពារជាតិ។   

គួរបញ្ជាក់ថាកាលពីថ្ងៃចន្ទម្សិលមិញ កិច្ចចរចាសន្តិភាពស្ដីពីស៊ីរីរវាងរដ្ឋាភិបាល និងក្រុមប្រឆាំងស៊ីរី ដែលគ្មាន​ការចូលរួមពីសហរដ្ឋអាមេរិក រៀបចំឡើងក្នុង​រដ្ឋធានីអាស្ដាណា នៃប្រទេសកាហ្សាក់ស្ថាន បានចាប់ផ្ដើមឡើងហើយ។ ក៏ប៉ុន្តែនៅថ្ងៃដំបូងនៃកិច្ចចរចានេះ ប្រធាន​ក្រុមរៀបចំកិច្ចចរចានៃរដ្ឋាភិបាល​លោក អាស្សាដ និងក្រុមប្រឆាំងស៊ីរី​បានផ្លោងសម្ដីដាក់គ្នាដោយ​ចោទប្រកាន់​ទៅវិញ​ទៅមកថា​ បានរំលោភ​លើបទ​ឈប់បាញ់។ ពាក់ព័ន្ធនឹង​ប្រទេសស៊ីរី​ផងដែរ បើតាមអង្គការឃ្លំាមើលសិទ្ធិមនុស្សស៊ីរី​មនុស្ស​ជាង ៣០០,០០០នាក់​ហើយ បានស្លាប់​បាត់បង់​ជីវិត និងជិត​១១លាននាក់​ផ្សេង​ទៀត​បានផ្លាស់ប្ដូរទី​លំនៅ ឬក៏ភៀសខ្លួន ទៅកាន់​ប្រទេស​ជិតខាងឬក៏អឺរ៉ុប៕