(វ៉ាស៊ីនតោន)៖ នៅថ្ងៃអង្គារនេះ​សេតវិមាន​ក្រោមការដឹកនាំ​របស់​ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានប្រទេសចិនថា សហរដ្ឋអាមេរិក​នឹងប្តេជ្ញាការពារ​ផលប្រយោជន៍​អន្តរជាតិ​នៅតំបន់​សមុទ្រចិនខាងត្បូង ហើយការ​ធ្វើពាណិជ្ជកម្ម​ត្រូវតែផ្តល់​ផលប្រយោជន៍​ទៅវិញ​ទៅមក។ នេះបើ​តាមការ​ចេញផ្សាយ​ដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០១៧។

លោក សន ស្ប៉ៃស័រ (Sean Spicer) មន្រ្តីទទួល​បន្ទុកសន្និសីទ​សារព័ត៌មាន​​ប្រចាំសេតវិមានរបស់លោក ដូណាល់ ត្រាំ បានថ្លែងថា «ខ្ញុំយល់ថាសហរដ្ឋ​អាមេរិកនឹង​ធ្វើយ៉ាងណា​ធានាថា​ យើងកំពុង​ការពារ​ផលប្រយោជន៍​​របស់ពួកយើង​​នៅទីនោះ ហើយបើសិនជា​បណ្តាប្រជុំ​កោះសិប្បនិម្មិត​​ទាំងប៉ុន្មានធាតុពិត​ស្ថិតនៅក្នុង​ដែនទឹក​អន្តរជាតិ ហើយមិនមែន​ស្ថិតក្នុង​ចំណែកត្រឹមត្រូវរបស់ចិនវិញនោះប្រាកដ​ណាស់​យើង​នឹង​ធានា​​ថា​​ពួកយើង​ការពារផលប្រយោជន៍​អន្តរជាតិ ពីការរំលោភ​បំពានទាំងស្រុង​ដោយប្រទេសមួយ»

ជាមួយគ្នានេះដែរ​លោក សន ស្ប៉ៃស័រ បានបង្ហាញគោលជំហរ​តឹងរ៉ឹង​ទៅលើការធ្វើ​ពាណិជ្ជកម្ម​ផងដែរ ដោយបាន​លើកឡើងថា​ ក្បួន​ច្បាប់​​ដែល​​មាន​ស្រាប់​សព្វថ្ងៃ​នេះមានភាពលម្អៀង​ទៅរកការនាំចេញ​ទំនិញពីប្រទេសចិន​មកកាន់​សហរដ្ឋអាមេរិក និងបានធ្វើ​ឲ្យ​​ការ​ងារ​​​ជា​ច្រើន​កន្លែង​ខ្ទាតចេញពី​ដៃប្រជាជនអាមេរិក។ លោក ស្ប៉ៃស័រ បានបញ្ជាក់ថាលោក ដូណាល់ ត្រាំ បានជ្រាប​យ៉ាងច្បាស់ថា​ក្រុមហ៊ុនអាមេរិក ត្រូវ​ការ​វាយលុកចូល​ទីផ្សារដ៏ធំបំផុតលើ​ពិភពលោក​របស់ចិន ប៉ុន្តែលោក​ប្រធានាធិបតី មិនបាន​ត្រៀម​លក្ខណៈដើម្បី​ទទួលស្គាល់ថា ​ការព្រម​ព្រៀងគ្នា​បច្ចុប្បន្នបន្ត​ទៅមុខទៀត​បាននោះឡើយ។

គួរបញ្ជាក់ថាលោក ដូណាល់ ត្រាំ មានទំនោរ​ប្រឆាំងប្រទេសចិន​តាំងពីអំឡុងការឃោសនារកសំឡេង​ឆ្នោត និងក្រោយការ​ទទួលបាន​ជោគជ័យ​មកម្ល៉េះ ហើយខណៈដែលលោក ត្រាំ បានស្បថ​ចូលកាន់​តំណែងជា​ប្រធានាធិបតីអាមេរិក​ផ្លូវការហើយនោះ គេពុំទាន់ច្បាស់នោះ​​ឡើយ​ថាអនាគត​នៃទំនាក់​ទំនងរវាង​មហាអំណាច​​ពិភពលោក​ទាំងពីរ​ ​នឹងក្លាយទៅ​ជាយ៉ាងណា៕