(សេអ៊ូល)៖ ខណៈដែលកូរ៉េខាងជើងកាន់តែបង្កើនឥទ្ធិពលនៃអាវុធទំនើបៗរបស់ខ្លួននោះ ទីក្រុងសេអ៊ូលក៏​មិនអាចអង្គុយចាំរងគ្រោះនោះដែរ ដោយពេលនេះយោធាកូរ៉េខាងត្បូងកំពុងរៀបចំបង្កើនសមត្ថភាពផ្នែក ស៊ើបការណ៍ និងត្រួតពិនិត្យដើម្បីជាការត្រៀមខ្លួនទប់ទល់នឹងអាវុធប្រល័យលោក ដូចជាគ្រាប់មីស៊ីល និងនុយក្លេអ៊ែរជាដើម។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារ​ព័ត៌មានយ៉ុនហាប់ នាព្រឹកថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០១៧។

នៅក្នុងឆ្នាំ២០១៧នេះ យោធារបស់កូរ៉េខាងត្បូងនឹងធ្វើការពង្រាយប្រព័ន្ធសព្វាចំនួន ១០គ្រឿងថ្មីដើម្បី​ធ្វើការដោះស្រាយឲ្យបានប្រសើរជាងមុន ទប់ទល់នឹងការគំរាមកំហែងដោយ​អាវុធនុយក្លេអ៊ែរ និងអាវុធ​ប្រល័យលោកទំនើបៗប្រកបដោយឥទ្ធិពលរបស់កូរ៉េខាងជើង។ នេះបើតាមការសេចក្តីប្រកាសរបស់ក្រសួង​ការពារជាតិកូរ៉េខាងជើងចំពោះផែនការនានា ដែលនឹងត្រូវអនុវត្តន៍នៅក្នុងឆ្នាំថ្មី។

គួរបញ្ជាក់ថាប្រព័ន្ធថ្មី​ដែលកូរ៉េខាងត្បូងគ្រោង​នឹងដាក់ពង្រាយនោះ​មានដូចជា យានយន្ត​បំពាក់ប្រព័ន្ធស៊ើបការណ៍រក អាវុធគីម ជីវសាស្ត្រ និងវិទ្យុសកម្ម (CBR), ប្រព័ន្ធ Sonar និងរ៉ាដាដើម្បីតាមដាន​នាវាមុជទឹក (TASS), និងនាវាចម្បាំង Ulsan ដែលទើបតែធ្វើការអភិវឌ្ឍ និងបំពាក់បច្ចេកវិទ្យាថ្មីដែលទំនើបជាងមុន។ នាដើម​សប្តាហ៍នេះដែរមន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូងបានលើកឡើងថា ការព្រមានធ្វើតេស្តមីស៊ីលថ្មីៗរបស់កូរ៉េខាង​ជើងនាដើមឆ្នាំនេះ គឺជាសញ្ញាដែលជំរុញឲ្យកូរ៉េខាងត្បូងត្រូវតែបំពាក់ប្រព័ន្ធមីស៊ីល THAAD៕