(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកថ្មីលោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទ(ម៉ោងនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន) បានចុះហត្ថាលេខាលើបទបញ្ជាពិសេសមួយស្ដីពី ការដកខ្លួនជាផ្លូវការ ចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម នៃភាពជាដៃគូអន្តរប៉ាស៊ីហ្វិក TPP ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងទ្វីបមានការចូលរួមពីសំណាក់ ប្រទេសចំនួន១១ផ្សេងទៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន  BBC នៅថ្ងៃ​អង្គារ ទី២៤ ខែមករា ឆ្នាំ២០១៧។

ការសម្រេចចិត្តបែបនេះរបស់លោក ត្រាំ គឺជាផ្នែកមួយនៃការអនុវត្តន៍តាមពាក្យសន្យាជាដំបូងបំផុត នៅក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតដែលថានឹង ដកខ្លួនពីកិច្ចព្រមព្រៀង TPP ​ភា្លមៗ បើសិនជាលោកក្លាយប្រធានាធិបតីអាមេរិក។ លោក ត្រាំបានថ្លែងយ៉ាងដូច្នេះថា៖ «យើងនឹងបញ្ឈប់កិច្ចព្រមព្រៀ​ងពាណិជ្ជ កម្មដ៏គួរឱ្យអស់សំណើចនេះ ដែលនាំអ្នករាល់គ្នាចេញពីប្រទេសរបស់យើងនិងនំាក្រុមហ៊ុនជាច្រើនចេញពីប្រទេសរបស់យើង»។ ដោយឡែកពាក់ព័ន្ធនឹងការដក ខ្លួននេះដែរ ក្រុមការងារលោកត្រាំបានឱ្យដឹងថា ប្រធានាធិបតីអាមេរិកថ្មីរូបនេះ អាចនឹងធ្វើកិច្ចចចារជាលក្ខណៈបុគ្គលជាមួយនឹងភាគីនៃកិច្ច ព្រមព្រៀង TPP ដែលនេះមានន័យថារដ្ឋបាលអាមេរិកអាចនឹង ស្វែងរកការព្រមព្រៀងថ្មីជាមួយនឹងបណ្ដាប្រទេសដែលបានចូលរួមក្នុងកិច្ចព្រមព្រៀង TPP ។ ​

គួរបញ្ជាក់ថា កិច្ចព្រមព្រៀង TPP មានសមាជិកចូលរួម១២ ប្រទេសក្នុងនោះមានដូចជា អូស្ត្រាលី ព្រុយណេ កាណាដា ឈីលី សហរដ្ឋអាមេរិក ជប៉ុន ម៉ាឡេស៊ី ម៉ិចស៊ិកកូ នូវែលសេឡង់ ប៉េរូ សិង្ហបុរី និងវៀតណាម។ ក៏ប៉ុន្តែកិច្ចព្រមព្រៀងនេះ អាចនឹងត្រូវបានលុបចោល បើសិនជាទីក្រុងវ៉ាស៊ីនតោនសម្រេចចិត្តដកខ្លួន ៕