(ឡុងដ៏)៖ អ្នកដំណើររាប់ពាន់នាក់អាចនឹងប្រឈមមុខការលុបចោល ឬពន្យាពេលជើង​ហោះហើរ​របស់ពួកគេ បន្ទាប់ពីអាកាសយានដ្ឋានជាច្រើននៅភាគខាងត្បូង​ប្រទេសអង់គ្លេស កំពុងគ្របដណ្ដប់​ដោយអ័ព្ទយ៉ាង​ក្រាស់ខ្មឹក បណ្ដាលមកពីអាកាសធាតុធា្លក់ត្រជាក់ខ្លាំង រហូតដល់សូន្យអង្សាសេ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Sky News នៅរសៀលថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០១៧។

ជាមួយគ្នានោះដែរ​អាកាសយានដ្ឋាន Heat​hrow បានសម្រេចចិត្ត​លុបចោលជើងហោះហើរ​ជាង១០០ ក្រោមហេតុផល​សុវត្ថិភាព រីឯជើងហោះហើរចំនួន១០ទៀតត្រូវ​បានលុបចោល​នៅអាកាសយានដ្ឋាន​ទីក្រុង​ឡុងដ៏ ខណៈអាកាសយានដ្ឋាន Gatwick ក៏បានលុបចោលជើងហោះហើរមួយផងដែរ។​ ជាងនេះទៅទៀត អាកាសយានដ្ឋាន​ជាច្រើនក្នុងនោះរួមមានទាំង Stansted​ បានប្រាប់ឱ្យអ្នកដំណើរ ពិនិត្យស្ថានភាព​ជើងហោះហើរ​របស់ពួកគេ មុននឹងត្រឡប់ទៅផ្ទះវិញ។

គួរបញ្ជាក់ថា អាជ្ញាធរអង់គ្លេស បានប្រកាសសញ្ញាអាសន្នកំរិតពណ៌លឿង ស្ដីពីស្ថានអ័ព្ទនៅក្នុងទីក្រុងឡុងដ៏ ដែលជាកម្រិតបង្គួរមួយ៕