(សិង្ហបុរី)៖ ទីភ្នាក់ងារ​ជាតិនៃធនធាន​ទឹករបស់​​សិង្ហបុរី (PUB​) បានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លំាងដែលបង្ក​ទៅជាគ្រោះ​ទឹកជំនន់​មួយប្រាវ បានបណ្ដាល​ឱ្យផ្លូវថ្នល់ជាច្រើនត្រូវ​កកស្ទះ​នៅក្នុងតំបន់ Tanjong Pagar នៃផ្លូវ Craig, Tanjong Pagar និងផ្លូវ Maxwell នៅព្រឹកថ្ងៃចន្ទនេះ។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia​ នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០១៧។

យោងតាម PUB នៅម៉ោង ១០៖០០នាទីព្រឹកនេះ (ម៉ោងនៅ​ក្នុងប្រទេស​សិង្ហបុរី) ទឹកជំនន់ដែលលិចផ្លូវ Maxwell បានស្រកទៅវិញ​ ហើយផ្លូវនេះ​ក៏អាចធ្វើចរាចរណ៍ធម្មតាឡើងវិញដែរ ។ ចំណែកឯ​អាជ្ញាធរ​ដឹកជញ្ជូន​ក៏បានរាយការណ៍​ដែរថា ផ្លូវល្បឿន​លឿន​មានដូចជា AYE, CTE, PIE, SLE, KPE និង TPE ក៏ទទួលរង​ផលប៉ះពាល់​ដោយ​សារទឹកជំនន់​នេះដែរ ខណៈភ្លៀង​និងរន្ទះត្រូវបាន​គេរំពឹងថា អាចនឹងបន្តកើតមាន​​នៅតាមតំបន់មួយ​ចំនួន​ក្នុង​ប្រទេសសិង្ហបុរី​ រហូតដល់ម៉ោង១២៖០០នាទីយប់។

គួររំលឹកថាកាលពីថ្ងៃចន្ទកន្លងទៅ អាជ្ញាធរឧតុនិយមសិង្ហបុរីបានព្យាករណ៍ថា នៅក្នុងសប្ដាហ៍នេះ សិង្ហបុរី​អាចនឹងទទួលរង​ភ្លៀងធ្លាក់ខ្លំាងនៅពេលយប់ ហើយភ្លៀង​ឬរន្ទះរយៈពេលខ្លីត្រូវបាន​គេរំពឹងថា​នឹងមានរយៈពេលពី​៦ ទៅ៨ថ្ងៃឯណោះ ដែលវាជារឿងចម្លែកមួយសម្រាប់ខែមករា ដើមឆ្នាំ ខណៈប្រទេសថៃ មីយ៉ាន់ម៉ា និងម៉ាឡេស៊ី ក៏ទទួលរងគ្រោះដូចគ្នា ប៉ុន្តែនៅថៃរងគ្រោះធ្ងន់ជាងគេ​រហូតដល់ថ្នាក់​បាត់បង់ជីវិត​ប្រជាជនជាង ៤០នាក់៕