(ពិភពលោក)៖ ប្រសិនបើលោកមានការរំខានដោយសារការស្ទះចរាចរណ៍ ការស្វែងរកចំណតរថយន្ត និងការចំណាយប្រាក់ទៅលើប្រេងឥន្ទនៈ ឬឧស្ម័ននោះ អ្នកអាច​រីករាយ​ជាមួយនឹងដំណើរកំសាន្តនៅទីតាំង១០លើពិភពលោក ដែលមិនអនុញ្ញាតឱ្យមានរថយន្ត។ អ្នកអាចជ្រើសរើសការ​ធ្វើដំណើរដោយកង់ និងរីករាយជាមួយ​ដំណើរកំសាន្ត​ដ៏ស្រស់ថ្លា ដោយគ្មានផ្សែងបំពុល និងសម្លេងរំខាន ជាមួយនឹងទីតាំងទាំង១០ដូចខាងក្រោម៖

១. កោះ Mackinac រដ្ឋMichigan សហរដ្ឋអាមេរិក៖
កោះនេះ ស្ថិតនៅក្នុងបឹង Huron ដែលបានហាមឃាត់​រាល់យាន្តជំនិះផ្សេងៗ តាំងពីឆ្នាំ១៨៩៨មកម្ល៉េះ។ បច្ចុប្បន្ន រមនីយដ្ឋានសម្រាប់រដូវក្តៅមួយនេះ បានទាក់ទាញ​ក្រុមគ្រួសារ​ជាច្រើន ដែលស្រឡាញ់ធម្មជាតិ និងប្រវត្តិសាស្ត្រ។ នៅទីនោះមានតែកង់ និងរទេះសេះ​ប៉ុណ្ណោះសម្រាប់ធ្វើដំណើរ។

២. កោះ Sark ចក្រភពអង់គ្លេស៖
កោះនេះស្ថិតនៅក្បែរតំបន់ Normandy ប្រទេស បារាំង និងជាផ្នែកមួយនៃកោះនៅចក្រភពអង់គ្លេស។ កោះនេះតូចពិតមែន តែសម្បូរទៅដោយទេសភាពដ៏ស្រស់ស្អាត និងពិតជាសាកសមសម្រាប់ដំណើរកំសាន្តដោយថ្មើរជើង ឬដោយការជិះកង់ឡើងភ្នំ។ នៅទីនេះ មានតែត្រាក់ទ័រតែប៉ុណ្ណោះជាយាន្តជំនិះត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់។ ក្រៅពីនោះគឺមានរទេះសេះ កង់ និងការដើរដោយថ្មើរជើង។

៣. ទីក្រុង Vinice ប្រទេស អ៊ីតាលី៖
ដងផ្លូវនានានៅទីនេះ អាចនឹងមិនមានស្ថានភាពស្រស់ស្អាតបែបនេះទេ ប្រសិនបើរថយន្តត្រូវបានអនុញ្ញាតឱ្យបើកបរឆ្លងកាត់។ នៅទីនោះ អាចមានតែ​រថយន្ត​ទេចរណ៍​ប្រភេទបណ្តែតលើទឹកប៉ុណ្ណោះសម្រាប់ដឹកប្រជាពលរដ្ឋ Venetians និងអ្នកទេសចរណ៍ជុំវិញកោះ Venice និងកោះដែលនៅក្បែរៗនោះ។

៤. តំបន់ Fes el-Bali ប្រទេស ម៉ារ៉ុក៖
Fes el-Bali ជាតំបន់ដែលមានដងផ្លូវកើតឡើងតាំងពីយុគសម័យកណ្តាលមកម្ល៉េះ ហើយមិនសូវសម្បូររថយន្តបើកកាត់ទីនេះឡើយ ធ្វើឱ្យវាក្លាយជាទីក្រុងដែលគ្មានរថយន្ត និងជាកន្លែងដ៏អស្ចារ្យមួយ។ អ្នកអាចរីករាយក្នុងការចូលហាងលក់ទំនិញ ភោជនីយដ្ឋាន ព្រះវិហារឥស្លាមដោយការធ្វើដំណើរដោយថ្មើរជើង។

៥. ក្រុង La Cumbrecita ប្រទេស អាហ្សង់ទីន៖
ជាទីក្រុងដ៏ស្រស់ស្អាតតូចមួយនៅក្បែរជ្រលងភ្នំ Calamuchita។ ភូមិនេះលំអដោយដើមឈើខៀវស្រងាត់ មានគោលនយោបាយមួយគឺអនុញ្ញាត​ឱ្យមានតែកង់តែ​ប៉ុណ្ណោះ​សម្រាប់ជាមធ្យោយបានធ្វើដំណើរ ដែលវាជាការចូលរួមចំណែកក្នុងការផ្តល់ភាពស្រស់ស្អាតដល់ក្រុងមួយនេះ។ អ្នកនិយមអេកូទេសចរណ៍​ភាគច្រើនចូលចិត្តមក​កំសាន្តនៅ​ទីនេះ ដោយការដើរឡើងលើភ្នំ ព្រៃឈើ និងទស្សនាទឹកធ្លាក់ ឬការបោះ​ជំរុំ​មើលមេឃ និងផ្កាយ ក្នុងពេលរាត្រី។

៦. ក្រុង Hydra ប្រទេស ក្រិច៖
ជាមួយទីតាំងដែលមានទិដ្ឋភាពដ៏អស្ងារ្យ  ក្បែរសមុទ្រ Aegean  ធ្វើឱ្យHydra ក្លាយជាស្ថានសួគ៌លើផែនដី។ គ្មានរថយន្តណាមួយត្រូវបាន​អនុញ្ញាតឱ្យប្រើប្រាស់​នៅទី​នេះឡើយ ធ្វើឱ្យដងផ្លូវនានា ស្ងប់ស្ងាត់គឺមានតែការធ្វើដំណើរដោយថ្មើរជើង និងសត្វលាតែប៉ុណ្ណោះ។ ដោយវាជាផ្នែកមួយនៃកោះ Saronic ធ្វើឱ្យHydra មានភាពល្បី​ល្បាញ ដោយសារស្ថាបត្យកម្មដ៏ល្អឥតខ្ជោះ ទឹកសមុទ្រពណ៌ខៀវស្រងាត់ ឆ្នេរសមុទ្រ និងផ្លូវដើរដោយថ្មើរជើងក្បែរមាត់សមុទ្រយ៉ាងស្រស់ស្អាត។

៧. កោះ Bald Head រដ្ឋការ៉ូលីណាខាងជើង សហរដ្ឋអាមេរិក៖
អ្នកគួរតែបោះបង់ទុក្ខព្រួយ និងរថយន្តរបស់អ្នកចោលសិន នៅពេលដែលអ្នកបានទៅកំសាន្តនៅទីនេះ។ កោះដែលមានទេសភាពស្រស់ស្អាតមួយនេះ ជាទីតាំងដ៏​សាកសម​សម្រាប់ថ្ងៃវិស្សមកាល ជាមួយនឹងឆ្នេរខ្សាច់ ទីលានវាយកូនហ្គោលជាដើម។ មធ្យោបាយធ្វើដំណើរនៅទីនេះ មានតែរទេះសម្រាប់អ្នកវាយកូនហ្គោល កង់ និងការធ្វើដំណើរដោយថ្មើរជើងប៉ុណ្ណោះ។

៨. ភូមិ Gienthoorn ប្រទេស ហូឡង់៖
មានទីតាំងស្ថិតនៅចម្ងាយប្រមាណ៥៥ម៉ាល៍ភាគឥសានទីក្រុង អាស្ទ័រដាម។ នៅទីនោះមានរហូតដល់១៨០ស្ពានពីលើប្រឡាយទឹកដែលមើលទៅហាក់ដូចជាគំនូរ។ អ្នកអាចធ្វើដំណើរតាមប្រឡាយទឹកជាមួយនឹងទេសភាពស្រស់ស្អាតបែបធម្មជាតិ ដោយទូក និងមើលទីតាំងផ្សេងៗទៀតដោយការដើរដោយថ្មើរជើង។

៩. កោះភ្លើង ទីក្រុង ញ៉ូវយក សហរដ្ឋអាមេរិក៖
គឺជាកោះមួយដែលពេញនិយមសម្រាប់រដូវក្តៅ មានទីតាំងស្ថិតនៅក្បែរឆ្នេរខាងត្បូង។ កោះនេះបានផ្តល់នូវឆ្នេរ សួនច្បារ និងសហគមន៍ដ៏បុរាណមួយ ដែលមានមនុស្ស​មកកំសាន្តភាគច្រើននៅរដូវក្តៅ។ អ្នកនៅក្នុងតំបន់ និងអ្នកទេសចរណ៍មកទីនេះដោយការជិះកង់ ជុំវិញកោះ ឬដើរកំសាន្តជាមួយនឹងបរិយាកាសយ៉ាងទាក់ទាញ។

១០.ទីក្រុង Zermatt ប្រទេស ស្វីស៖
ទីក្រុង Zermatt ស្ថិតនៅផ្នែកខាងក្រោមក្បែរកំពូលភ្នំខ្ពស់ក្នុងនោះរួមទាំងភ្នំដ៏ល្បីល្បាញមួយគឺភ្នំ Matterhorn។ ទីក្រុងដែលមានភ្នំខ្ពស់ៗនេះ  មានភាពទាក់ទាញ និង​ល្បីល្បាញ​ជាគោលដៅទេសចរណ៍សម្រាប់អ្នកដែលនិយមការជិះស្គី និងលេងកីឡានារដូវរងា។ ដោយសារទីនេះគ្មានវត្ថមានរថយន្តឡើយ ធ្វើឱ្យទីក្រុងនេះ​គ្មានខ្យល់បំពុល​ឡើយ៕