(ក្រុងឡុងដ៍)៖ ខ្សែប្រយុទ្ធជួរមុខ Wayne Rooney បានបំបែកកំណត់ត្រាថ្មី ជាកីឡាករអង់គ្លេសតែមួយគត់ដែលរកគ្រាប់បំប៉ោងសំណាញ់ទីបាន ២៥០គ្រាប់ច្រើនជាងគេ ក្នុងក្លឹបបិសាចក្រហម Manchester United។

សារព័ត៌មាន BBC បានចេញផ្សាយនៅព្រឹកថ្ងៃអាទិត្យ ទី២២ ខែមករា ឆ្នាំ២០១៧នេះថា ១គ្រាប់ស៊ុតបញ្ចូលដោយបាល់ហ្រ្វីឃីគ (Free kick) នៅនាទីទី៩០ តាមស្មើម្ចាស់ផ្ទះ Stoke City ១-១ ក្នុង Premier League យប់មិញនេះ នៃសប្តាហ៍ទី២២នោះ បានធ្វើឲ្យកីឡាករវ័យ ៣១ឆ្នាំ Rooney កើនដល់ចំនួន ២៥០គ្រាប់ច្រើនជាងគេ។

១គ្រាប់នោះដែរ បានធ្វើឲ្យកីឡាករកម្ពស់ ១.៧៦ម៉ែត្រ Rooney វ៉ាដាច់កំណត់ត្រាចាស់របស់លោក Bobby Charlton ជនជាតិអង់គ្លេសដូចគ្នា ក្នុងរយៈពេល ៤៤ឆ្នាំមកនេះក្នុងក្លឹបបាល់ទាត់អាជីព Manchester United។

សូមបញ្ជាក់ផងដែរថា កីឡាករប្រធានក្រុម Man Utd និងក្នុងក្រុមជម្រើសជាតិអង់គ្លេស Wayne Rooney បានចូលលេងក្នុងនាមជាកីឡាករបម្រុង ដោយត្រូវបានប្តូរចូលនៅនាទីទី៦៧ ជំនួសមិត្តរួមក្រុម Juan Mata ក្រោយពេលក្រុមម្ចាស់ផ្ទះ Stoke City នាំមុខ ១គ្រាប់មុននៅនាទីទី១៩ ពីគ្រាប់ Own Goal របស់ Mata នោះ៕