(ហ្គាំប៊ី)៖ ប្រធានាធិបតីហ្គាំប៊ីដែលបានចាញ់ឆ្នោតលោក Yahya Jammeh បានយល់ព្រមចុះចេញពីតំណែង ហើយនឹងធ្វើដំណើរចាកចេញ​ពីប្រទេសកំណើត​ទៅកាន់ប្រទេស​ហ្គីណេ​ដែលនៅក្បែរនោះនៅប៉ុន្មានម៉ោងក្រោយនេះ បន្ទាប់ពីរូបលោកបានបាន​សង្ក​ត់ធ្ងន់​​នៅព្រឹក​ថ្ងៃសៅរ៍នេះ​ថា «មិនចាំបាច់មាន​ឈាមមួយតំណក់ត្រូវ​ស្រក់ចុះនោះឡើយ»។ នេះបើតាមការចេញផ្សាយ​ដោយ​សារព័ត៌​មាន Associated Press នៅយប់ថ្ងៃសៅរ៍ ទី២១ ខែមករា ឆ្នាំ២០១៧។

មុននឹងលោក Yahya Jammeh ព្រមថានឹងចុះចេញពីតំណែងដោយខ្លួនឯងនេះ មេដឹក​នៃបណ្ដាប្រទេស​ក្នុងតំបន់អាហ្រ្វិក​ខាងលិច នៅ​ថ្ងៃ​សុក្រ​ម្សិលមិញបានទុក​ឱកាស​តាម​ការស្នើសុំ​ជាលើកចុង​ក្រោយ របស់​ប្រធានាធិបតី​ចាញ់​ឆ្នោតហ្គាំប៊ី លោក Yahya Jammeh ដើម្បីរៀប​ចំ​​ចុះ​ចេញ​ពី​តំណែងដោយខ្លួនឯង ជាជាងត្រូវកងកម្លាំងនៅក្នុង​តំបន់​​ចាប់បង្ខំឱ្យចុះចេញពីតំណែង។

ពាក់ព័ន្ធនឹង​វិបត្តិនយោបាយ​នេះដែរ កងទ័ព​សេណេហ្គាល់ និងនីហ្សេរីយ៉ាបានសម្រេច​ចិត្ត​ឆ្លងកាត់​ព្រំដែន​ចូល​​ទៅក្នុងទឹកដី​ប្រទេសហ្គាំប៊ី​ហើយ​នៅថ្ងៃព្រហស្បតិ៍​សប្តាហ៍ដដែលនេះ ដើម្បីគាំទ្រ​ប្រធានាធិបតីជាប់ឆ្នោតលោក Adama Barrow ដែល​បាន​ស្បថ​ចូល​កាន់​តំណែង​ជា​ផ្លូវ​​ការ​នៅឯស្ថានទូត ហ្គាំប៊ីប្រចាំទីក្រុងដាកា ប្រទេសសេណេហ្គាល់។

លោក Adama បានឈ្នះនៅក្នុងការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ កាលពីខែធ្នូ ឆ្នាំ២០១៦ ដោយ​មាន​ការទទួល​ស្គាល់​ពីសំណាក់​សហគមន៍​អន្តរជាតិ។ ក៏ប៉ុន្តែប្រធានាធិបតី​ហ្គាំប៊ី លោក Yahya Jammeh ដែលគួរ​តែត្រូវចុះ​ចេញពី​តំណែង តាំងតែ​ពី​ថ្ងៃពុធកន្លងទៅបាន​បដិសេធ​មិនព្រមទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​នេះ ជាហេតុធ្វើឱ្យ​បណ្ដាប្រទេសក្នុង​តំបន់អាហ្វិ្រក​ខាងលិច ឬគេស្គាល់ថា Ecowas បានសម្រេចចិត្តថានឹងធ្វើអន្តរគមន៍ ជាមួយការដាក់ឱសានវាទ​ត្រឹមម៉ោង១២៖០០នាទីថ្ងៃត្រង់​ថ្ងៃសុក្រ (ម៉ោងនៅក្នុងប្រទេសហ្គាំប៊ី) ឱ្យលោក Jammeh ចុះចេញពីតំណែងដោយខ្លួនឯង បើពុំដូច្នោះទេ ពួកគេនឹង​ប្រើប្រាស់កម្លាំង​យោធាទម្លាក់​លោកចេញ​ពី​តំណែង។

ចំណែកឯ​ក្រុមប្រឹក្សា​សន្តិសុខនៃអង្គការ​សហប្រជាជាតិ​បានសង្កត់ធ្ងន់ថា វិបត្តិនយោបាយនេះ​គួរតែត្រូវ​បាន​ដោះស្រាយ​តាមរយៈផ្លូវនយោបាយ។ គួរបញ្ជាក់ថា​ការបដិសេធមិនព្រមចុះចេញពី​អំណាចរបស់លោក Yahya Jammeh ត្រូវបានគាំទ្រ​ដោយសភាជាតិ​ហ្គាំប៊ី។ លោក Jammeh បាន​ឡើងកាន់​តំណែង​ជា​ប្រធានាធិបតីហ្គាំប៊ី ចាប់តាំងពីមាន​រដ្ឋប្រហារនៅឆ្នាំ១៩៩៤មក ហើយរូបលោកត្រូវបានគេរំពឹងថា អាចនឹងរស់នៅនិរទេសខ្លួន​នៅក្នុងប្រទេស​ជិតខាងណា​មួយ បើសិនជា​លោកយល់ព្រម​ដោយខ្លួនឯង ឬត្រូវគេបង្ខំ​ឱ្យចុះចេញពី​តំណែងមែននោះ៕