(ម៉ូស្គូ)៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់វិមានក្រឹមឡាំង ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានរដ្ឋាភិបាលរុស្ស៊ីអះអាងថា បានត្រៀមខ្លួនជានិច្ចដើម្បីជួប លោក ដូណាល់ ត្រាំ ប្រធានាធិបតីទើប​ឡើងកាន់អំណាចក្តៅៗរបស់សហរដ្ឋអាមេរិក ប៉ុន្តែការរៀបចំដើម្បីឲ្យមានជំនួបរវាងមេដឹកនាំមហាអំណាច​កំពូលទាំងពីររូបនេះ នឹងត្រូវការពេលរាប់ខែឯណោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នាល្ងាចថ្ងៃសៅរ៍ ទី២១ ខែមករា ឆ្នាំ២០១៧។

គួរបញ្ជាក់តាមសម្តីអ្នកនាំពាក្យវិមានរដ្ឋាភិបាលរុស្ស៊ីលោក Dmitry Peskov ឲ្យដឹងយ៉ាងដូច្នេះថា «វាមិនអាចកើតមាននៅប៉ុន្មានសប្តាហ៍ទៀតបានឡើយ ប៉ុន្តែសូមរង់ចាំការសម្រេចនៃពេលវេលាដ៏ប្រសើរនោះ ព្រោះកិច្ចប្រជុំ​នឹងអាចកើតឡើង​នៅប៉ុន្មានខែ​ខាងមុខនេះ​ទៀត»។ រំលឹកកាលពីលោក ត្រាំ ជាប់ឆ្នោតភ្លាមៗ​កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ លោក ពូទីន និងមន្ត្រីកំពូលៗរុស្ស៊ីបានរៀបចំ​សេចក្តីថ្លែងការណ៍​មួយ​ដ៏ធំ​ដើម្បី​ស្វាគមន៍ លោក ត្រាំ ព្រមទាំងបង្ហាញពីចេតនាល្អរបស់រុស្ស៊ី​ ក្នុងការស្តារទំ​នាក់ទំនង​ដ៏ខ្ទេចខ្ទាំ ដែលបានបង្កឡើងដោយរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា នោះឡើងវិញរវាងប្រទេសទាំងពីរ៕