(អង់ការ៉ា)៖ ទីបំផុតសមាជិកសភាតួកគីបានសម្រេចបោះឆ្នោតអនុម័ត ការកែប្រែរដ្ឋធម្មនុញ្ញតួកគីមាត្រា ១៨ តាមរយៈការបោះឆ្នោតនៅថ្ងៃសៅរ៍នេះ ដោយទទួល​បានសំឡេង​គាំទ្រ ៣៣៩សំឡេង ទល់នឹង ១៤២សំឡេង ហើយវានឹងឈានទៅដល់ការបោះឆ្នោតធ្វើប្រជាមតិមួយ តបតាមការចង់បានរបស់រដ្ឋាភិបាល​តួកគី នៅដើមខែមេសា​ខាងមុខនេះ។ នេះបើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃសៅរ៍ ទី២១ ខែមករា ឆ្នាំ២០១៧។

គួរបញ្ជាក់ថាការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ ត្រូវបានគេរំពឹងទុកថានឹងបង្កើនអំណាចបន្ថែមសម្រាប់​លោកប្រធានាធិបតីតួកគីបច្ចុប្បន្ន ជាពិសេសគឺប្រព័ន្ធ​ជ្រើសតាំង​ប្រធានាធិបតី ដែលនឹងប្តូរមកយកសំឡេង​គាំទ្រតាមបែបធម្មតា (៥០+១) ប៉ុណ្ណោះ។ ប្រការនេះវានឹងធ្វើឲ្យការជ្រើសតាំងប្រធានាធិបតី មិនមានការរាំង​ស្ទះ​ ដោយមានការ​ជំទាស់នៅក្នុង​សភា​​ដូចមុន​ទៀតនោះឡើយ ទោះបីជា​គណបក្ស​កាន់អំណាចមិន​បានឈ្នះ​សំឡេង​ដាច់ខាត​ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រក៏ដោយ។

រំលឹកកាលពីសប្តាហ៍មុន ដែលជាកិច្ចពិភាក្សាក្តៅគគុកក្នុងសភានោះ គឺបានកើត​ចេញពីការគ្រោង​អនុម័តការ​កែ​ប្រែ​​រដ្ឋធម្មនុញ្ញខាង​លើនេះឯង ដែលកាលនោះសមាជិក​បក្សប្រឆាំង និងបក្សកាន់អំណាច​មួយចំនួន​បានឈាន​​ដល់ការ​ប្រើប្រាស់អំពើហិង្សា នាំឲ្យ​រដ្ឋសភា​ប្រឡាក់​ឈាមទៀតផង៕