(អ៊ីស្លាម៉ាបាដ)៖ មនុស្ស​យ៉ាងតិច​២១នាក់បាន​បាត់បង់​ជីវិត និងជាង៤០នាក់​ផ្សេងទៀត​បានទទួល​រងបួស នៅពេល​ដែលគ្រាប់បែក​មួយគ្រាប់​​បាន​ផ្ទុះឡើង​ នៅក្នុងផ្សារ​លក់បន្លែ​មួយកន្លែង​នៅតំបន់​កុលសម្ព័ន្ធ Kurram នៃភាគពាយ័ព្យប្រទេស​ប៉ាគីស្ថាន​ នាព្រឹកថ្ងៃសៅរ៍​នេះ។ នេះបើ​តាមការ​​ចេញផ្សាយ​ដោយ​ ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិនហួរ នៅមុននេះ​បន្តិច​នារសៀល​ថ្ងៃសៅរ៍ ទី២១ ខែមករា ឆ្នាំ២០១៧។

ប្រភពព័ត៌មានដដែល​បានរាយការណ៍​ថា​ ហេតុការណ៍​ផ្ទុះខាងលើ​បានកើតឡើង​នៅចំពេល​ដែលមនុស្ស​ក្នុងចំនួន​ច្រើន​គួរសម កំពុងតែ​ជាប់​រវល់​រឿង​​ទិញ​ដូរនៅផ្សារ​បន្លែមួយ​កន្លែង​ ដែលស្ថិតក្នុងក្រុង Parachinar នៅក្បែរ​ព្រំប្រទល់​រវាងប្រទេស​អាហ្វហ្គានីស្ថាន​ និងប៉ាគីស្ថាន​ហើយ​​គ្រាប់បែក​ខាងលើ​ត្រូវបាន​សារព័ត៌មាន​មួយ​ចំនួន​អះអាង​ថា​ ជាគ្រាប់​បែកបង្កៃឲ្យ​បំផ្ទុះ​តាមរយៈឧបករណ៍​បញ្ជាពី​ចម្ងាយ។

ក្រោយពេលកើតហេតុភ្លាមៗ ​អ្នករងរបួសទាំងប៉ុន្មាន​ ត្រូវបានគេបញ្ជូន​ទៅកាន់មន្ទីរពេទ្យ​ដែល​នៅក្បែរនោះ​ជាបន្ទាន់ ខណៈជនរងគ្រោះ​មួយ​ចំនួន​​ស្ថិតនៅ​ក្នុងសភាព​ធ្ងន់ធ្ងរ​ជាខ្លាំង។ ហើយនា​ពេលនេះ​កងកម្លាំង​សន្តិសុខ​អាហ្វហ្គានីស្ថាន​ ក៏បានបិទ​កន្លែងកើតហេតុ​ដើម្បីធ្វើការ​ស៊ើប​អង្កេត​ផងដែរ ស្របពេល​ដែលភ្លាមៗ​ ពុំទាន់មាន​ក្រុមណា​មួយចេញ​មុខអះអាងថា​ ជាទង្វើ​របស់ខ្លួន​នៅឡើយ​នោះទេ៕