(វ៉ាស៊ីនតោន)៖ វាជារឿងធម្មតានោះទេ សម្រាប់មេដឹកនាំនានានៅលើពិភពលោក នៅពេលដែលឡើងកាន់​តំណែងថ្មីថ្មោង ត្រូវតែចូលរួមក្នុងពិធីស្បថជាផ្លូវការ ដែលមានប្រជាជាតិទាំងមូលជាសាក្សី។ ដូចគ្នានេះដែរ​នៅវេលាម៉ោង១២៖០០នាទីថ្ងៃត្រង់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ (ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន) លោក ដូណាល់ ត្រាំ ដែលជាប្រធានាធិបតីទី៤៥ របស់អាមេរិកបានស្បថចូលកាន់តំណែងជាផ្លូវការ នៅចំពោះមុខ​ប្រជាជាតិទាំងមូល និងក្រសែភ្នែកអន្តរជាតិ។

ខាងក្រោមនេះគឺជាពាក្យសម្បថរបស់លោក ត្រាំ ចំពោះមុខប្រជាជាតិអាមេរិក៖

លោក ត្រាំ៖ «ខ្ញុំ ដូណាល់ ចន ត្រាំ សូមស្បថយ៉ាងអង់អាចថា ខ្ញុំនឹងប្រតិបត្តិយ៉ាងស្មោះត្រង់ ក្នុងតំណែងជាប្រធានាធិបតី នៃសហរដ្ឋអាមេរិក និងប្រឹងប្រែងឲ្យអស់​ពីសមត្ថភាព​ដើម្បី អភិរក្សា ថែរក្សា និងការពាររដ្ឋធម្មនុញ្ញ នៃសហរដ្ឋអាមេរិក ដូច្នេះសូមព្រះប្រទានពរ»។

គួរបញ្ជាក់ថា ក្រោយពីលោក ដូណាល់ ត្រាំ បានចូលទៅក្នុងការិយាល័យប្រធានាធិបតីក្នុងសេតវិមាន រឿងដំបូងដែលលោកបានធ្វើនោះ គឺការចុះហត្ថលេខា​បង្គាប់ឲ្យលុបចោលកម្មវិធី ObamaCare ហើយបន្ទាប់​មកក៏មានការតែងតាំងមន្ត្រីរដ្ឋាភិបាលសំខាន់ៗ៕