(វ៉ាស៊ីនតោន)៖ តាមការអង្កេតវាមិនមែនជារឿងងាយស្រួលប៉ុន្មាននោះឡើយ សម្រាប់លោកស្រី ហ៊ីលឡារី គ្លីនតុន ដែល​បាន​ទទួល​បរា​ជ័យ​​នៅ​​ក្នុង​​​​​​ការ​​​​បោះ​​ឆ្នោត​ជ្រើសរើស ប្រធានាធិបតីអាមេរិកថ្មីកាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ហើយត្រូវអញ្ជើញទៅចូលរួមទាំង​ស្នាម​ញញឹម​​ក្លែងក្លាយ នៅ​ក្នុងពិធី​​ស្បថ​​ឡើង​​កាន់​តំណែង​​​ជា​​ផ្លូវ​​ការ​របស់​លោក ដូណាល់ ត្រាំ នោះ។ នេះបើតាមខ្សែវីដេអូនៅក្នុងសារព័ត៌មាន Sky News បង្ហោះនាព្រឹកថ្ងៃសៅរ៍ ទី២១ ខែមករា ឆ្នាំ២០១៧។

ចាប់តាំងពីឈានជើងចូលវិមាន Capitol ដែលជាកន្លែងប្រារព្ធពិធីស្បថឡើងកាន់តំណែងរបស់លោក ដូណាល់ ត្រាំ លោកស្រី ហ៊ីលឡារី គ្លីនតុន ​អមដំណើរដោយ​ស្វាមីគឺអតីតប្រធានាធិបតីអាមេរិកលោក ប៊ីល គ្លីនតុន ត្រូវគេសង្កេតឃើញថា បានខិតខំតាំងស្មារតីឲ្យរឹងមាំ និង​ប្រឹង​បង្ហាញ​ស្នាម​ញញឹម​​នៅ​ចំពោះ​មុខ​មនុស្ស​រាល់​គ្នា​ដែល​មាន​​វត្ត​មាន​នៅ​ក្នុងពិធី​ជាប្រវត្តិសាស្រ្តនោះ ប៉ុន្តែគេហាក់នៅដឹងថាលោកស្រី ក្តុកក្តួលខ្លាំងណាស់នាពេលនោះ ព្រោះស្វាមីលោកស្រីបានកាន់ដៃលោកស្រី​យ៉ាងដែន ដែលហាក់ជាកម្លាំង​ជួយទប់អារម្មណ៍ក្តុលក្តួលនោះ។

ជាមួយគ្នានេះដែរទស្សនាវដ្តី People បាន​លើកឡើងថា «វាមិនមែន​ជាថ្ងៃងាយស្រួល​សម្រាប់អ្នកគាំទ្រ​ទាំងឡាយរបស់​លោកស្រី ហ៊ីលឡារី ​គ្លីនតុន ឡើយជា​ពិសេសគឺរូបលោក​ស្រី​ផ្ទាល់​តែម្តង ប៉ុន្តែលោក​ស្រីបានធ្វើវា​ពីព្រោះលោក​ស្រីគឺ ហ៊ីលឡារី គ្លីនតុន ហើយ​លោក​ស្រី​​បាន​បង្ហាញ​​វត្ត​មាន​​ទី​នោះ​​ដើម្បី​គោរព​​​លទ្ធិ​ប្រជា​ធិប​តេយ្យ និងតំណាងឲ្យ​ការរក្សាតម្លៃខ្លួនឯងដែល​លោកស្រី​តែងតែប្រកាន់ខ្ជាប់»

លោកស្រី គ្លីនតុន ក៏បាន​បង្ហោះ​សារ​នៅលើបណ្តាញ​ទំនាក់ទំនង​សង្គម Twitter ដូច្នេះដែរថា «ខ្ញុំនៅ​ទីនោះនា​ថ្ងៃនេះ​គឺដើម្បីសម្តែង​ការគោរព​ចំពោះ​លទ្ធិប្រជាធិបតេយ្យ​ និង​តម្លៃដែល​មិនអាចកាត់​ថ្លៃបាន​របស់វា ហើយគ្មាន​ថ្ងៃដែល​ខ្ញុំនឹងមិនឈប់​មានការជឿជាក់​លើប្រទេស​របស់ពួកយើង​ ឬមួយក៏អនាគត​របស់ប្រទេស​នោះឡើយ»

ទោះជាបែបនេះក្តីលោកស្រី ក៏បានទទួល​ភាព​កក់ក្តៅតាមរយៈការអោប និងការ​លើកទឹក​ចិត្តពីសំណាក់បុគ្គល​ជាច្រើន​នៅក្នុងពិធីនោះ​​ផង​ដែរ ជាពិសេសនោះ​គឺពីលោក ដូណាល់ ត្រាំ ដែលជា​អតីតគូប្រជែង​ក្នុងការដណ្តើម​តំណែង​ជាប្រធានាធិបតី​អាមេរិក​ថែមទៀតផង។

គួរបញ្ជាក់ថានៅទីបំផុតមហាសេដ្ឋីប្រចាំទីក្រុងញូយ៉កលោក ដូណាល់ ត្រាំ ដែលបានចូលរួមការប្រកួតប្រជែង​ជាមួយលោកស្រី ហ៊ីលឡារី គ្លីនតុន អស់ជាច្រើនខែ និងបានទទួលជោគជ័យគឺការឈ្នះឆ្នោត​ដែលមនុស្ស​ភាគច្រើនមិននឹកស្មានដល់​កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅនេះ បានស្បថ​ឡើងកាន់​តំណែង​ជាប្រធានាធិបតី​​ទី៤៥នៃសហរដ្ឋអាមេរិកហើយ ដែលពិធី​ទាំង​មូល​​រៀប​ចំ​ឡើង​នៅក្នុង​វិមាន Capital ក្នុងរដ្ឋធានី​វ៉ាស៊ីនតោន ជាក្បាល​ម៉ាស៊ីនដឹកនាំ​សហរដ្ឋអាមេរិក​ទាំងមូល នៅវេលាថ្ងៃត្រង់ទី២០ ខែមករា ឆ្នាំ២០១៧ ត្រូវនឹង​ពេលវេលា​រំលងអធ្រាតឈានចូល​ថ្ងៃសៅរ៍ ទី២១ ខែមករា ឆ្នាំ២០១៧ ម៉ោងនៅកម្ពុជា៕