(វ៉ាស៊ីនតោន)៖ នៅប៉ុន្មានម៉ោង​ក្រោយពី​បានឡើង​កាន់​តំណែង​ជា​ប្រធានាធិបតីទី៤៥ នៃសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើការ​ចុះ​ហត្ថលេខា​ជាលើដំបូង​បំផុត​ នៅក្នុងការិយាល័យ​ប្រធានាធិបតី Oval Office នៅឯសេតវិមាន​ ដើម្បីបង្គាប់​ឲ្យ​លុប​ចោល​​ច្បាប់​ធានា​​រ៉ាប់​រង​​សុខ​ភាព ObamaCare ដែលជា​មរតក​របស់​អតីត​ប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា។ នេះបើតាម​ការចេញផ្សាយ​ដោយ​ ទីភ្នាក់ងារព័ត៌មាន Reuters នៅមុននេះ​បន្តិចនាព្រឹក​ថ្ងៃសៅរ៍ ទី២១ ខែមករា ឆ្នាំ២០១៧។

គួរបញ្ជាក់ដែរថា កាលពីអំឡុងពេល​នៃយុទ្ធនាការ​ឃោសនាបោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតីអាមេរិក មហាសេដ្ឋី​អចលនទ្រព្យ​ដែល​បាន​ក្លាយខ្លួនជា​មេដឹកនាំប្រទេស​មហាអំណាចរូបនេះ បានប្តេជ្ញា​យ៉ាងមុតមាំ​ថា​ នឹងផ្លាស់ប្តូរ​ច្បាប់ធានា​រ៉ាប់រងនេះ​ចោល​ភ្លាមៗ នៅពេល​ដែល​បាន​ឡើងកាន់​តំណែងជា​ប្រធានាធិបតីថ្មី​របស់​សហរដ្ឋអាមេរិក ហើយ​នាពេលនេះ​លោក ដូណាល់ ត្រាំ កំពុង​តែព្យាយាម​បំពេញការ​សន្យា​របស់​​រូបលោក​ ចំពោះប្រជាជន​អាមេរិកហើយ៕