(ញូយ៉ក)៖ «ផ្ដល់ឱកាសឱ្យដូណាល់ ត្រាំ ដើម្បីដឹកនាំប្រទេស»។ នេះគឺជាសារអំពាវនាវ របស់កូនស្រី លោក ដូណាល់ ត្រាំ នាងអ៊ីវ៉ាន់កា (Ivanka) ទៅកាន់ប្រជាជនអាមេរិកទាំងអស់ ខណៈលោក ត្រាំ បានត្រៀមខ្លួនរួចហើយ ក្នុងការស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកនៅថ្ងៃទី ២០ ខែមករា ឆ្នាំ២០១៧ (ម៉ោងនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន) ស្របពេលដែលសហរដ្ឋអាមេរិក កំពុងប្រឈមុខនឹងការបាក់បែកនយោបាយផ្ទៃក្នុង។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន Channel News Asia ​នៅថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០១៧។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយ៍ទូរទស្សន៍ ABC​ នាង អ៊ីវ៉ាន់កា បានលើកឡើងដូច្នេះថា៖ «ឪពុករបស់ខ្ញុំគឺជាអ្នកបង្រួបបង្រួមឯកភាពជាតិដ៏អស្ចារ្យ ម្នាក់ ហើយសម្រាប់ការរិះគន់មកលើរូបគាត់ ខ្ញុំចង់និយាយថាទុកពេលវេលាឱ្យគាត់ ទុកឱកាសឱ្យគាត់ដឹកនាំប្រទេស និងទុកឱកាសឱ្យគាត់បង្ហាញថាអ្នកបាន គិតខុសមកលើរូបគាត់»។ ដោយឡែកឆ្លើយតបទៅនឹងសំណួរ ពាក់ព័ន្ធនឹងគំរោងធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងលោកត្រាំ នាងអ៊ីវ៉ាន់ នៅតែបញ្ជាក់ដដែលថា «ខ្ញុំបាននិយាយហើយថាទុកឱកាសឱ្យឪពុករបស់ខ្ញុំដឹកនាំប្រទេស»

គួរបញ្ជាក់ថា នាង អ៊ីវ៉ាន់កា និងស្វាមីដែលត្រូវបាន​តែងតាំងជាទីប្រឹក្សាសេតវិមាន បានសម្រេចចិត្តដកខ្លួនចេញពីមុខជំនួញគ្រួសាររបស់ពួកគេទាំងពីរ​ដើម្បី ជៀងវាងការចោទប្រកាន់ពីជម្លោះផលប្រយោជន៍។ ក៏ប៉ុន្តែមន្ត្រីជាន់ខ្ពស់ក្នុងជួរគណបក្សប្រជាធិបតេយ្យ បានរិះគន់ចំពោះការតែងតាំងនេះ ដោយចាត់ទុកថា មានលក្ខណៈគ្រួសារនិយម៕