(តូក្យូ)៖ ប្រទេសជប៉ុនគ្រោងនឹងរៀបចំសមយុទ្ធតាមរយៈប្រព័ន្ធអេឡិចត្រូនិក នៅសប្តាហ៍ក្រោយនេះ​ដើម្បី​ត្រៀមខ្លួនទប់ទល់ទៅនឹងស្ថានការណ៍បន្ទាន់ណាមួយ នៃការ​ប៉ះទង្គិចគ្នារវាងយោធាចិន និងកោះតៃវ៉ាន់​ក៏ព្រោះតែមួយរយៈចុងក្រោយនេះ មានការចល័តនាវាចម្បាំងជាច្រើនរបស់ចិន និងការប្រុងជើងការដោយ​យោធារបស់​កោះ​តៃវ៉ាន់ផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia ដកស្រង់ពី AFP នារសៀលថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០១៧។

កងកម្លាំងស្វ័យការពារ (យោធា) របស់ប្រទេសជប៉ុននឹងចាប់ផ្តើមសមយុទ្ធពីថ្ងៃចន្ទសប្តាហ៍ក្រោយនេះ រហូតដល់ថ្ងៃសុក្រ ដែលមានសហរដ្ឋអាមេរិក​ជាអ្នក​អង្កេតការណ៍។ នេះបើ​តាមប្រភពពី​មន្ត្រីរដ្ឋាភិបាល​ជប៉ុន ប្រាប់ទីភ្នាក់ងារ​ព័ត៌មានក្យូដូ។ ទោះបីជាបែបនេះក្តី សមយុទ្ធនឹង​មិនមានការចូលរួម​ដោយកងកម្លាំង ឬសព្វាវុធ​អ្វីឡើយ​ ដោយ​ជប៉ុនគ្រាន់តែ​ធ្វើការបញ្ជា​តាមប្រព័ន្ធកុំព្យូទ័រ និងឧបករណ៍​អេឡិចត្រូនិក​តែប៉ុណ្ណោះ។

គួរបញ្ជាក់ថាជុំវិញគំរោងខាងលើនេះ មន្ត្រីក្រសួងការពារជាតិជប៉ុនបានសុំមិនធ្វើការអត្ថាធិប្បាយអ្វីឡើយ ខណៈមន្ត្រីក្រសួងការបរទេសចិនបាននិយាយថា ជប៉ុនគួរតែ​គេចចេញឲ្យពីអ្វីដែលជារឿងផ្ទៃក្នុង​របស់ចិន។ អ្នកនាំពាក្យ​ក្រសួងការបរទេសចិន​លោកស្រី ហួ ឈុនយីង បានលើកឡើងថា «ខ្ញុំចង់បញ្ជាក់ឲ្យច្បាស់ថា បញ្ហារបស់​តៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុងរបស់ចិនសុទ្ធសាធ។ យើងសង្ឃឹមថាជប៉ុននឹងប្រយ័ត្នខ្លួនឲ្យមែនទែនជាមួយ ពាក្យសម្តី និងសកម្មភាពនានា ហើយកុំធ្វើអ្វីដែលប៉ះពាល់​ដល់សន្តិភាព និងស្ថិរភាព»