(សេអ៊ូល)៖ កូរ៉េខាងជើង​នៅតែបន្តព្រមាន​ជា​ថ្មីម្ដងទៀត​នៅថ្ងៃសុក្រ​នេះ ពីការបាញ់​សាកល្បង​មីស៊ីល​ផ្លោង​អន្តរទ្វីប ICBM ដែលនេះ​អាចជា​សញ្ញាមួយ ដែលក្រុម​អ្នកជំនាញ​កូរ៉េខាងត្បូង​មួយចំនួន​មើលឃើញ​ថា ទីក្រុងព្យុងយ៉ាង​អាចនឹង​បាញ់សាកល្បង​មីស៊ីល​ប្រភេទនេះ​នៅអំឡុង​ថ្ងៃលោក ដូណាល់ ត្រាំ ស្បថចូលកាន់​តំណែង​ជាប្រធានាធិបតី​អាមេរិក​ទី៤៥ ជាផ្លូវការនៅ​ថ្ងៃសុក្រ (ម៉ោង​នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន)។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​យ៉ុនហាប់ នៅព្រឹកថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០១៧។

ការសន្និដ្ឋាន​ខាងលើ​របស់ក្រុម​អ្នកជំនាញ​មិនមែន​គ្មានសំអាង​នោះទេ ជាក់ស្ដែងកាន់តែ​ខិតជិត​ដល់​ថ្ងៃលោក​ ត្រាំ ស្បថចូលកាន់តំណែង ​កូរ៉េខាងជើង​បានព្រមាន​ម្ដង​ហើយ​ម្ដងទៀត​​ ពីការ​បាញ់​សាកល្បង​មីស៊ីល​ផ្លោង​អន្តរទ្វីប ICBM ពោលគឺ​ចាប់តាំង​ពីមេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអះអាងថា​​នៅក្នុង​សុន្ទរកថាអបអរ​ថ្ងៃចូល​ឆ្នាំ​ថ្មី ទីក្រុង​ព្យុងយ៉ាង​បានឈាន​ដល់ដំណាក់​​កាលចុង​ក្រោយ​​ នៃការអភិវឌ្ឍ​មីស៊ីល​ផ្លោង ICBM​។

ជាងនេះ​ទៅទៀត​កាលពីថ្ងៃទី០៨ ខែមករា កន្លងទៅសារព័ត៌មានរដ្ឋ​កូរ៉េខាងជើង ថែមទាំងបានបញ្ជាក់ថា កូរ៉េខាងជើងនឹងបាញ់សាកល្បងមីស៊ីល ICBM គ្រប់ពេលវេលាគ្រប់ទីកន្លែង​ឱ្យតែ លោក គីម ជុងអ៊ុន ដាក់បញ្ជា ខណៈយោធាកូរ៉េខាងត្បូងក៏បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ម្សិលមិញផងដែរថា​កូរ៉េខាងជើង អាចនឹងបាញ់សាកល្បងមីស៊ីល ICBM នៅពេលដ៏ខ្លីខាងមុខនេះ។

ដោយឡែក​នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង Rodong Sinmun បាន​និយាយ​ចំៗ​ឱ្យសហរដ្ឋ​អាមេរិក​ថា​ «ការបាញ់​សាកល្បង​មីស៊ីល​ផ្លោង ICBM គឺជាការ​បង្កើន​សមត្ថភាព​ការពារ​ខ្លួនដ៏​ត្រឹមត្រូវ​ពីការគំរាម​កំហែង​ធ្វើសង្រ្គាម​នុយក្លេអ៊ែរ ពីសំណាក់​សហរដ្ឋអាមេរិក​ប្រឆាំង​នឹង​ទីក្រុងព្យុងយ៉ាង ហើយ​ទីក្រុង​វ៉ាស៊ីនតោន ក៏គ្មាន​សិទ្ធិ​អ្វីមក​និយាយពី​ការបាញ់​សាកល្បង​នេះដែរ ពីព្រោះវា​កើតឡើងក៏ដោយ​សារ​តែ​នយោបាយ​ឈ្លាន​ពាន​របស់​សហរដ្ឋអាមេរិក ប្រឆាំងនឹង​កូរ៉េខាងជើង»

«យើងមិនខ្វល់ឡើយថាអ្នកដទៃនិយាយឬគិតយ៉ាងមេច ប៉ុន្តែការបាញ់សាកល្បងមីស៊ីលផ្លោង ICBM របស់យើង​នឹងត្រូវធ្វើឡើងតាមពេលវេលា និងទីកន្លែង​ជាក់លាក់ឱ្យតែមេដឹកនាំ​របស់យើង​សម្រេចចិត្ត ឬដាក់បញ្ជា»។ នេះបើតាម​សារព័ត៌មានរដ្ឋ​កូរ៉េខាងជើង Rodong Sinmun៕