(ម៉ូស្គូ)៖ លោក បារ៉ាក់ អូបាម៉ា បានខិតខំប្រឹង​ប្រែង​ជាខ្លាំង​ដើម្បី​ធ្វើយ៉ាងណា​បង្កភាព​ស្មុគស្មាញ​ដល់ទំនាក់​ទំនង​ ​អាមេរិក-រុស្ស៊ី ក្នុងវេលា​​ចុង​​ក្រោយ​​បំផុត​នៃ​អាណត្តិ​​ជា​ប្រធានាធិបតី​របស់រូប​លោក ដោយលោក​មេដឹកនាំ​អាមេរិករូបនេះ​ បានបន្ថែមពេល​ទៅ​លើ​ទណ្ឌកម្មប្រឆាំង​នឹង​​ប្រទេស​​រុស្ស៊ី ,​ បញ្ជូន​ និងដាក់ពង្រាយ​កងទ័ព​ជាច្រើន​ពាន់​នាក់​ រួមជា​មួយ​រថក្រោះ​រាប់សិប​គ្រឿង​ទៅកាន់​តំបន់​អឺរ៉ុបខាង​កើត, និង​ចាប់ផ្តើម​​ចល័ត​​កង​​កម្លាំង​​​អង្គ​ការ​​ណាតូ (NATO) ទៅក្បែរ​ព្រំដែន​រុស្ស៊ី​ជាដើម។ នេះបើ​តាមសម្តី​អ្នកសារព័ត៌មាន​យោធា​ជនជាតិ​អ៊ីតាលី​លោក Mirko Molteni ដែល​ដក​​ស្រង់​ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០១៧។

លោក Mirko Molteni បានប្រាប់​សារព័ត៌មាន Sputnik ថា «នាប៉ុន្មាន​សប្តាហ៍ចុង​ក្រោយនេះ​យើងគ្រប់គ្នា​បានឃើញ​ផ្ទាល់នឹង​ភ្នែកហើយ​ថា រដ្ឋាភិបាល​លោក បារ៉ាក់ អូបាម៉ា បានខិតខំប្រឹងប្រែង​ប្រមូល​កម្លាំង​ និងពេល​វេលា​ដែលនៅ​សេសសល់​ទាំង​ប៉ុន្មាន ដើម្បីធ្វើ​ឲ្យមាន​ភាពស្មុគ​ស្មាញ​បន្ថែមទៀត​ដល់​ទំនាក់ទំនង​ អាមេរិក-រុស្ស៊ី ដែល​នឹង​ផ្តល់ផល​វិបាក​ដល់លោក ដូណាល់ ត្រាំ ក្នុងការ​ស្តាវាឡើងវិញ។ តួយ៉ាងការដាក់​ពង្រាយនៃទាហានប្រហែល៤,០០០នាក់រួមនិងរថក្រោះធុន M1 Abrams ចំនួន៨៧គ្រឿង​នៅប្រទេស​ប៉ូឡូញ ហើយវាមិនមែន​ជារឿង​ចៃ​ដន្យ​​នោះ​ឡើយ​ដែលកងទ័ព និងរថក្រោះ​ត្រូវបាន​បញ្ចូន​ទៅកាន់ទីនោះ ខណៈ​ទីក្រុង Kaliningrad របស់រុស្ស៊ី​ដែលមាន​ព្រំប្រទល់​ជាប់ប៉ូឡូញ និងលីទុយអានី​គឺស្ថិតនៅក្បែរ​ និងស្ទើរតែ​នៅក្នុង​បរិវេណ​អង្គការ NATO ហើយនោះ»

លោក Molteni បានលើក​ឡើងជា​ចុងក្រោយថា ប្រធានាធិបតីផុត​អាណត្តិ​លោក បារ៉ាក់ អូបាម៉ា ទំនងជា​បាន​សម្រេច​ចិត្ត​ធ្វើការគូស​ចំណាំ​ការចាកចេញ​របស់លោក​ ពីតំណែង​ជាមេដឹកនាំ​កំពូល​នៃសហរដ្ឋអាមេរិក ជាមួយការ​បន្ថែមរថក្រោះ​ និងកងទ័ពនៅ​អឺរ៉ុប​ក៏ដូចជា​ ការ​ចល័តនានា​​របស់​​អង្គការ NATO ព្រមទាំង​ការបន្ថែម​ពេលវេលា​ទៅលើទណ្ឌកម្ម​ប្រឆាំងនឹងរុស្ស៊ី។

គួរបញ្ជាក់ថា កាលពីសប្តាហ៍​មុន​សហរដ្ឋអាមេរិក​ បានបញ្ជូន​កងទ័ព​ប្រហែល៤,០០០នាក់​រួមជា​មួយ​រថពាស​ដែក​រាប់រយគ្រឿង និងរថក្រោះ​ជាង​៨០គ្រឿង​ទៀតទៅកាន់​ប្រទេស​អាល្លឺម៉ង់ ដើម្បីដឹកជញ្ជូន​ទៅកាន់ប៉ូឡូញ​ និងដាក់​ពង្រាយ​​នៅបន្តតាម​តំបន់អឺរ៉ុប​ខាងកើត ក្នុងនាម​ជាផ្នែក​នៃ​ប្រតិបត្តិការ Atlantic Resolve ដែល​ត្រូវបាន​បង្កើត​ឡើង​ដើម្បី​សំដៅ​ធានាប្រាប់សម្ព័ន្ធ​មិត្ត​របស់​ទីក្រុងវ៉ាស៊ីនតោននៅអឺរ៉ុបថា សហរដ្ឋអាមេរិក​មានការប្តេជ្ញា​យ៉ាងមុះមុត​ដើម្បី​ការពារ​ពួកគេ​ពីទីក្រុង​ម៉ូស្គូ ទោះបីជា​រុស្ស៉ី​បាន​បដិសេធជា​ដដែលៗ​ថា​ ខ្លួនមិន​បង្កការ​គំរាម​កំហែង​ណាមួយ​ដល់អ្នកជិត​ខាង​ ឬ​ក៏ប្រជាជាតិ​ណាមួយ​នៅលើ​ពិភពលោក​នោះ​ឡើយ។

រីឯកាលពីដើមសប្តាហ៍នេះវិញកងម៉ារីន​របស់សហរដ្ឋអាមេរិក​ប្រមាណ​ ៣០០នាក់​បានធ្វើដំណើរ​ទៅដល់​ប្រទេសន័រវេស​ និងបន្តរក្សាវត្តមាន​នៅ​ទី​នោះក្នុង​រយៈពេល​រហូតដល់​០៦ខែ ខណៈដែលការចល័តបែបនេះ​​គឺជាលើកទីមួយហើយចាប់​តាំង​​ពី​សង្រ្គាម​លោក​​លើក​ទី​ពីរ​មក ដែលកង​កម្លាំង​យោធា​​បរទេស​​ត្រូវ​បាន​អនុញ្ញាត​​ឲ្យឈរជើង​​នៅក្នុងប្រទេស​​អឺរ៉ុបខាងជើងមួយនេះ ហើយវាក៏អាចជា​ការរុក​គួន ប្រទេស​រុស្ស៊ី​ដែល​ជា​អ្នក​ជិត​ខាង​​របស់​​ន័រវេសផងដែរ៕