(សេណេហ្គាល់)៖ ប្រធានាធិបតី​ជាប់ឆ្នោត​ហ្គាំប៊ី លោក Adama Barrow បានឱ្យដឹងថា លោក​នឹងស្បថ​ចូលកាន់តំណែងជាប្រធានាធិបតី​ជាផ្លូវការ​នៅថ្ងៃព្រហស្បតិ៍នេះ នៅឯស្ថានទូតហ្គាំប៊ី ប្រចាំទីក្រុងដាកា (Dakar) ប្រទេស​សេណេហ្គាល់ នៅម៉ោង​ ៤៖០០នាទីរសៀល (ម៉ោងនៅក្នុង ប្រទេស​សេណេ​ហ្គាល់)។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន BBC ​នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០១៧។

នៅក្នុងសារ​មួយបង្ហោះ​លើបណ្ដាញ​ទំនាក់ទំនង​សង្គម លោក Adama Barrow បាន​អំពាវនាវឱ្យសាធារណ​ជន​ទូទៅ​ចូលរួម​នៅក្នុង​ពិធីស្បថចូល​កាន់តំណែង​របស់លោក ខណៈ​ប្រធានាធិបតី​ចាញ់​ឆ្នោត លោក Yahya Jammeh ចង់លុប​ចោលលទ្ធផល​បោះឆ្នោត​ដោយបញ្ជាក់ថា​ មានភាពមិនប្រក្រតី​បាន​កើតឡើង​នៅអំឡុង​ពេល​បោះឆ្នោត។

ពាក់ព័ន្ធនឹងវិបត្តិនយោបាយនេះដែរ រដ្ឋាភិបាលសេណេហ្គាល់បានបញ្ជូនកងទ័ពរបស់ខ្លួនទៅ កាន់តំបន់​ព្រំដែន​ជាប់​ប្រទេសហ្គាំប៊ី ក្នុងគោល​បំណងបង្ខំ​ឱ្យប្រធានាធិបតី​ចាញ់ឆ្នោត​លោក Yahya Jammeh ទទួលស្គាល់​លទ្ធផល​បោះឆ្នោត និងយល់ព្រម​ចុះចេញពី​មុខតំណែង​ដោយខ្លួនឯង ហើយមិនតែ​ប៉ុណ្ណោះថែមទំាង​ព្រមានដែរថា បើសិន​មិនមាន​ដំណោះស្រាយ​នយោបាយទេនោះ កងទ័ព​សេណេហ្កាល់ នឹងឆ្លងកាត់​ព្រំដែនចូលក្នុងទឹកដី​ប្រទេសហ្គាំប៊ី។    

គួរបញ្ជាក់ថា​ប្រធានាធិបតីហ្គាំប៊ី លោក Yahya Jammeh គួរតែ​ត្រូវចុះចេញ​ពីដំណែង នៅថ្ងៃពុធម្សិលមិញ ហើយត្រូវ​ប្រគ​ល់​ទៅឱ្យលោក Adama Barrow ដែលជាអ្នកឈ្នះ​នៅក្នុងការ​បោះឆ្នោត​កាលពីខែធ្នូ ឆ្នាំ២០១៦ និងកំពុងរស់​នៅប្រទេស​សេណេហ្គាល់ ក៏ប៉ុន្តែសភាបែរជា​អនុញ្ញាតឱ្យលោក Jammeh អាច​កាន់តំណែង​ជាប្រធានាធិបតី​រយៈពេលបីខែ​បន្តទៀតទៅវិញ។

លោក Yahya Jammeh បានឡើង​កាន់​តំណែង​ជាប្រធានាធិបតីហ្គាំប៊ី ចាប់តាំងពី​មានរដ្ឋ​ប្រហារនៅ​ឆ្នាំ១៩៩៤មក។ ចំណែកឯប្រជាជន​ហ្គាំប៊ីជាង ២៦,០០០នាក់​ត្រូវបាន​គេរំពឹងថា​ អាចនឹងរត់ភៀស​ខ្លួនទៅកាន់​ប្រទេស​សេណេហ្គាល់ បើសិនជា​អំពើហិង្សា​ផ្ទុះឡើង៕