(គូឡាឡាំពួរ)៖ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ (Najib Razak)​ នៅថ្ងៃនេះបានអំពាវ​ឱ្យ​រដ្ឋាភិបាល​មីយ៉ាន់ម៉ា ចូលរួមទប់ស្កាត់​ក៏ដូចជា​បញ្ឈប់រាល់​ការរើសអើង និងការធ្វើ​ទុក្ខបុក​ម្នេញ​លើ​ជនជាតិ​ដើម​ភាគតិច​មូស្លីមរ៉ូហីងយ៉ា ហើយលោក​ក៏បានជំរុញផងដែរ​ឱ្យបណ្ដាប្រទេសអ្នក​កាន់សាសនាអ៊ីស្លាម​​​នៅលើ​ពិភពលោក​ទាំងអស់ ធ្វើសកម្មភាព​ដើម្បីបញ្ចប់​សោកនាដ​កម្ម​អមនុស្សធម៌ ដែល​កំពុង​កើត​ឡើងនេះ។ នេះបើ​តាមការ​ចេញផ្សាយ​​ដោយ​ សារព័ត៌មាន Channel News Asia​ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០១៧។

ម៉ាឡេស៊ីបានចេញមុខប្រឆាំងយ៉ាងខ្លាំង ចំពោះការរើសអើងលើជនជាតិដើមភាគតិចមូស្លីមរ៉ូហីងយ៉ា នៅមីយ៉ាន់ម៉ា ជាពិសេសបន្ទាប់ពី​កងកម្លាំងយោធាមីយ៉ាន់ បានធ្វើប្រតិបត្តិការបង្ក្រាបមួយ​កាលពីខែតុលា កន្លងទៅនៅភាគខាងជើងនៃរដ្ឋ Rakhine ស្ថិតនៅក្បែរប្រទេសបង់ក្លាដែស ដោយបានសម្លាប់មនុស្ស ៣៦នាក់ និងជាង ៦៦,០០០នាក់ផ្សេងទៀត បានភៀសខ្លួនចូល​ទៅក្នុងទឹក​ដីបង់ក្លាដែស។ ក៏ប៉ុន្តែនៅ​ពេល​​​នោះដែរយោធា​មីយ៉ាន់ម៉ាបានបញ្ជាក់ថា ប្រតិបត្តិការ​នេះធ្វើឡើង​ដើម្បីជា​ការឆ្លើយ​តប​ទៅនឹង​ក្រុមឧទ្ទាម ដែលបាន​សម្លាប់​ប៉ូលិស​មីយ៉ាន់ម៉ា ០៩នាក់។

ដោយឡែក​ថ្លែងនៅក្នុង​ជំនួបរៀបចំ​ឡើង​ដោយ អង្គការ​កិច្ចសហប្រតិបត្តិការ​អ៊ីស្លាម (OIC) សី្ដពី​រ៉ូហីងយ៉ា លោក ណាជីប រ៉ាហ្សាក់ បានលើកឡើងថា «ការសម្លាប់, អំពើហិង្សាលើស្រី្ត និងកុមារត្រូវតែបញ្ឈប់ (...) អ្នកប្រហែលជាគិតថា ការធ្វើទុកបុកម្នេញលើពួកគេ (រ៉ូហីងយ៉ា) ជារឿងធម្មតាពីព្រោះពួកគេជាជនមូស្លីម ហើយការយល់ ឬធ្វើបែបនេះក៏គួរតែត្រូវបញ្ឈប់ដែរ»

គួរបញ្ជាក់ថា​នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក៏បានអំពាវនាវផងដែរ​ឱ្យរដ្ឋាភិបាល​មីយ៉ាន់ម៉ា ចូលរួម​ទប់ស្កាត់​ក៏ដូចជា​បញ្ឈប់រាល់​ការរើសអើង និងការធ្វើទុក្ខ​បុកម្នេញ​លើជនជាតិដើម​ភាគតិច​ មូស្លីមរ៉ូហីងយ៉ាជាបន្ទាន់៕