(វ៉ាស៊ីនតោន)៖ បេក្ខភាពដែល​នឹងក្លាយ​ជាឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិកថ្មី​ ប្រចាំអង្គការសហប្រជាជាតិ (UN) បានថ្លែងថា ទីក្រុងវ៉ាស៊ីនតោន​មិនអាច​បន្ធូរបន្ថយ​ដៃ​ទៅលើការ​ពង្រឹង​អានុភាព​នៃកម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​បានឡើយ និងបានប្តេជ្ញា​យ៉ាងមុតមាំ​ថា នឹងធ្វើ​យ៉ាងណា​ដាក់សម្ពាធ​ឲ្យកាន់តែធ្ងន់​បន្ថែមទៀត​ ទៅលើរដ្ឋាភិបាល​ទីក្រុងព្យុងយ៉ាង តាមរយៈ​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយប្រទេសចិន។ នេះ​បើ​តាម​​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង យុនហ៉ាប់ នៅមុននេះ​បន្តិច​នារសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០១៧។

ថ្លែងនៅក្នុងព្រឹទ្ធ​សភាអាមេរិក​លោកស្រី Nikki Haley បានធ្វើការ​សង្កត់ធ្ងន់ថា «កូរ៉េខាងជើង​​គឺជាប្រទេស​មួយ​ ដែលចាំបាច់​ត្រូវតែស្ថិត​ក្រោម​ការឃ្លាំមើល​ឲ្យបានដិត​ដល់ជា​ទីបំផុត ហើយខ្ញុំ​គិតថា​ ពួកយើង​នឹងត្រូវតែ​ធ្វើការសហការ​ដោយជិតស្និទ្ធ​ជាមួយ​ប្រទេសចិន ដើម្បី​បង្ហាញពី​ការគំរាមកំហែង​ពីអ្វីកំពុងតែ​កើតមាន​ឡើង។ យើង​ពុំអាច​បន្ថយដៃ​ទៅលើ​ប្រទេស​កូរ៉េខាងជើង​នោះឡើយ ព្រោះថា​អ្វីដែលពួកយើង​​​កំពុង​មើលឃើញ​ផ្ទាល់នឹង​ភ្នែកនាពេលនេះ​ គឺជាការផលិតអាវុធនុយក្លេអ៊ែរ»

បេក្ខភាព​ឯកអគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ UN រូបនេះ​បានបន្ត​ទៀត​ដោយ​សំដៅ​លើ​ប្រមុខដឹកនាំ​កំពូល​នៃប្រទេស​កូរ៉េខាងជើង​ថា «លោក គីម ជុងអ៊ុន មិនខ្វល់ពីអ្វីនោះឡើយ ហើយលោក​នឹងនៅតែ​បន្តអភិវឌ្ឍន៍​កម្មវិធី​នុយក្លេអ៊ែរ។ យើងចាំ​បាច់ត្រូវតែបន្ត​ធ្វើយ៉ាងណា​ដើម្បីធានាថា​ ​យើង​កំពុង​បង្ហាញ​ពីគោល​ជំហរ​យ៉ាងច្បាស់​លាស់​ចំពោះ​កូរ៉េខាងជើង, ហើយយើង​នឹងបន្តដាក់​សម្ពាធ​ទៅលើ​ចិន​ និងប្រទេសផ្សេងៗ​ទៀត ​ដើម្បី​ធានាថា​កូរ៉េខាងជើងពិតជាបន្ថយល្បឿន»

គួរបញ្ជាក់នៅក្នុង​ឱកាសនោះថា ​លោកស្រី Nikki បានធ្វើការ​គូសបញ្ជាក់ជា​ច្រើនដង​អំពីសារៈសំខាន់​នៃការសហការ​គ្នាជាមួយ​ប្រទេសចិន​ ដើម្បីដោះស្រាយ​បញ្ហា​កូរ៉េខាងជើង ហើយលោកស្រី​បានលើកឡើង​ថា​នឹងព្យាយាមបញ្ចុះបញ្ចូល​ទីក្រុងប៉េកាំង​ ឲ្យធ្វើការរួមដៃគ្នាជាមួយទីក្រុង​វ៉ាស៊ីនតោន​ដើម្បីដោះស្រាយ​បញ្ហាកូរ៉េខាងជើង ដែលវាក៏អាចនឹងជួយដល់​ផលប្រយោជន៍​ជាតិរបស់​ចិន​ផងដែរ៕