(ប៉ារីស)៖ តុលាការ​នៅក្នុង​សហគមន៍ Saint-Brieuc នៃតំបន់ Breton ​ស្ថិតនៅភាគពាយ័ព្យប្រ​ទេសបារាំង បាន​សម្រេចចិត្ត​ផ្តន្ទាទោស​យុវជន​ម្នាក់អាយុ ១៨ឆ្នាំ ឱ្យជាប់ពន្ធនាគារ០៣ខែ ជាមួយនឹងការព្យួរទោស ព្រមទំាងតម្រូវឱ្យធ្វើការងារ​ដើម្បីផលប្រយោជន៍​សហគមន៍ រយៈពេល ១០៥ម៉ោង ពីបទ​ប្រព្រឹត្ត​អំពើ​ហិង្សា​ដោយចេតនា ហើយដែលការ​សម្រេចចិត្តបែបនេះ ធ្វើឡើង​បន្ទាប់ពីយុវជន​រូបនេះ បានស្ទុះទៅ​ទះកំផ្លៀង​អតីតនាយករដ្ឋមន្ត្រីបារាំង លោក ម៉ានុយ អែល វ៉ាល់(Manuel Valls) កាលពីថ្ងៃអង្គារកន្លងទៅ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០១៧។

ហេតុការណ៍​ខាងលើ​បានកើត​ឡើង នៅអំឡុងពេល​លោក ម៉ានុយអ៊ែល វ៉ាល់ ដែល​បច្ចុប្បន្ន​ជាបេក្ខភាព​ប្រធានាធិបតី​បារាំង កំពុង​ធ្វើយុទ្ធនាការឃោសនារកសំឡេង​ឆ្នោត​នៅក្នុង​តំបន់ Breton កាលពីថ្ងៃទី១៧ ខែមករា កន្លងទៅ​ហើយបើយោង​តាមរូបភាព​វីដេអូ ដែល​ត្រូវបាន​គេបង្ហោះ​នៅលើ​បណ្ដាញទំនាក់​ទំនង​សង្គម នៅពេល​អតីត​នាយករដ្ឋមន្ត្រី​បារាំង​រូបនេះ កំពុងចាប់​ដៃស្វាមគន៍​ប្រជាជន​នៅខាង​មុខសាលាក្រុង Lamballe ស្រាប់តែ​យុវជនម្នាក់បាន​ស្ទុះមកទះ​លោក​មួយកំផ្លៀង មុននឹងរូបគេ​ត្រូវបានអង្គរក្ស​ចាប់ផ្ដួល​ទៅលើដី។

គួរបញ្ជាក់ថា បើតាមប្រព័ន្ធ​ផ្សព្វផ្សាយ​បារាំង យុវជនខាង​លើមានអាយុ ១៨ឆ្នាំ (ពុំមានបញ្ជាក់ឈ្មោះ) ត្រូវបាន​គេ​ជឿជាក់​ថា​គឺជាសមាជិក​នៃក្រុមចលនា​ស្ដាំនិយមមួយ នៅក្នុងតំបន់ Breton ហើយរូបគេ​ក៏ធ្លាប់ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួនពីបទ​ប្រើប្រាស់គ្រឿងញៀន និងប្រព្រឹត្តអំពើ​ហិង្សា​នៅក្នុង​ព្រឹត្តិការណ៍​ប្រកួតបាល់ទាត់​ យូរ៉ូ កាលពីឆ្នាំ២០១៦ផងដែរ។ ម្យ៉ាងវិញទៀត​មុននឹងស្ទុះ​ទៅទះកំផ្លៀង លោក ម៉ានុយអ៊ែល វ៉ាល់ យុវជនរូប​នេះបានស្រែកថា «ទីនេះគឺជា​ទឹកដី Breton!»៕