(សេអ៊ូល)៖ ប្រភពពីទីភ្នាក់ងារសម្ងាត់របស់កូរ៉េខាងត្បូងបានទម្លាយឲ្យដឹងថា ប្រទេសកូរ៉េខាងជើងអាចនឹង​ធ្វើការបាញ់សាកល្បងគ្រាប់មីស៊ីលផ្លោងប្រភេទថ្មី ICBM ក្នុងពេលឆាប់ៗខាងមុខនេះហើយ ខណៈដែល​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង ក៏កំពុងប្រុងជើងការកម្រិតខ្ពស់ ជុំវិញរឿងរ៉ាវដ៏គ្រោះថ្នាក់នេះដែរ។ នេះ​បើតាម​ការដកស្រង់ការផ្សាយពី Reuters ដោយសារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០១៧។

រំលឹកកាលពីការថ្លែងសុន្ទរកថាស្វាគមន៍ឆ្នាំថ្មី ពីសំណាក់មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន តាមរយៈកញ្ចក់ទូរទស្សន៍រដ្ឋរបស់ខ្លួននោះ មេដឹកនាំវ័យក្មេងរូបនេះបានបញ្ជាក់រួចទៅហើយថា ទីក្រុង​ព្យុងយ៉ាងកំពុងខិតកាន់តែកៀកមែនទែនហើយ ក្នុងការបាញ់សាកល្បងគ្រាប់មីស៊ីលផ្លោង ICBM ហើយថែម​ទាំងបានសង្កត់ធ្ងន់ទៀតថា «វាអាចនឹងត្រូវធ្វើឡើងនៅគ្រប់ពេលវេលាទាំងអស់» ទៀតផង។

គួរបញ្ជាក់ថាទាំងអន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិក បានទទួលស្គាល់រួចទៅហើយចំពោះសមត្ថភាព​ផលិតគ្រាប់មីស៊ីលរបស់កូរ៉េខាងជើង និងអំណាចនៃការគំរាមកំហែងដោយអាវុធនុយក្លេអ៊ែរ ថាពិតជាមាន​ឥទ្ធិពលមិនធ្លាប់មានពីមុនមកមែន ហើយវាក៏ជាការគំរាមកំហែងដល់សន្តិសុខក្នុងតំបន់ ជាពិសេសប្រទេស​សម្ព័ន្ធមិត្តអាមេរិក ដូចជាកូរ៉េខាងត្បូង និងជប៉ុនផងដែរ។

សារព័ត៌មាន​កូរ៉េខាងត្បូង​បានចេញផ្សាយទៀតថា ការធ្វើតេស្តខាងលើនេះ អាចនឹងកើតឡើង​នៅចំថ្ងៃដែល​លោក ដូណាល់ ត្រាំ ស្បថឡើងកាន់តំណែងប្រធានាធិបតីអាមេរិកជាផ្លូវការ នៅថ្ងៃទី២០ ខែមករា​ (ពេលវេលា​នៅទីក្រុងវ៉ាស៊ីនតោន) ត្រូវនឹងព្រឹក​ថ្ងៃទី២១ ខែមករា (ពេលវេលា​នៅអាស៊ីបូព៌ា និងអាគ្នេយ៍)៕