(​ប៉េកាំង)៖​ សារព័ត៌មាន​រដ្ឋចិន​ដ៏មានឥទ្ធិពល​មួយ​នៅថ្ងៃព្រហស្បតិ៍នេះ បានព្រមាន​ជាថ្មី​ម្ដងទៀតថា ក្រុមហ៊ុន​ផលិត​យន្ដហោះ​អាមេរិក Boeing និងវិស័យនាំ​ចូលផលិតផល​កសិកម្ម របស់​សហរដ្ឋអាមេរិក នឹង​ក្លាយគោលដៅ​សងសឹក​ពីសំណាក់​ទីក្រុងប៉េកាំង នៅក្នុងសង្រ្គាម​ពាណិជ្ជកម្មដែល​ចាប់ផ្ដើម​មុនដោយ​ប្រធានាធិបតី​ជាប់ឆ្នោត លោក ដូណាល់ ត្រាំ។ នេះបើតាមការដកស្រងដោយសារព័ត៌មាន Channel News Asia ​នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០១៧។

លោក ដូណាល់ ត្រាំ ដែលនឹងស្បថចូលកាន់តំណែងជាប្រធានាធិបតី​អាមេរិកទី៤៥ នៅថ្ងៃសុក្រ  (ពេលវេលាអាមេរិក) ធ្លាប់បានរិះគន់យ៉ាងខ្លាំង​ចំពោះការអនុវត្ត​ន៍ពាណិជ្ជម្ម​របស់ចិន ហើយបាន​ព្រមានថា នឹងដាក់ទណ្ឌកម្ម​លើពន្ធនាំចូលផលិតផលរបស់ចិន មកកាន់សហរដ្ឋអាមេរិក។ ជាងនេះ​ទៅទៀត​នៅថ្ងៃពុធ ម្សិលមិញ​អ្នកជំនួញអាមេរិក លោក វាលបឺ រ៉ូស (Wilbur Ross) ដែលត្រូវបានលោក ត្រាំ តែងតាំង​ជារដ្ឋមន្ត្រី​ពាណិជ្ជកម្ម ក៏បានរិះគន់ផងដែរលើការអនុវត្តន៍វិស័យពាណិជ្ជម្មរបស់ចិន ដោយលោក​ប្រាប់ព្រឹទ្ធសមាជិក​សភា​អាមេរិកថា លោកនឹង​ស្វែងយុទ្ធសាស្ត្រថ្មី​ដើម្បីទប់ទល់ជាមួយចិន។

ដោយឡែកឆ្លើយតបទៅនឹងការរិះគន់នេះ​សារព័ត៌មានរដ្ឋចិន Global Times​ បានទទួលស្គាល់ថាសេដ្ឋកិច្ច​អាមេរិក​ពិតជាខ្លំាង ដូច្នេះចិន​អាចនឹង​ខាត​បង់​ប្រយោជន៍ បើសិនជាសង្រ្គាមពាណិជ្ជកម្មកើតឡើង ប៉ុន្តែចិន​ស្វាគមន៍ជានិច្ចសង្រ្គាមនេះ និងកំដរ​សហរដ្ឋអាមេរិក​រហូតដល់ទីបំផុត។

គួររំលឹកថាកាលពីខែវិចិ្ឆកា ឆ្នាំ២០១៦ សារព័ត៌មានរដ្ឋចិន Global Times ក៏ធ្លាប់​បាន​ព្រមាន​សហរដ្ឋអាមរិក​ដែរថា ចិនអាចនឹង​លុបចោលការ​បញ្ជាទិញ​យន្ដហោះ​ពីក្រុមហ៊ុន Boeing​ រីឯរោងចក្រក្រុមហ៊ុន Apple​ នឹងត្រូវរើចេញ ហើយការនាំ​ចេញផលិត​ផលកសិកម្ម​ចិន​មានដូចជា​សណ្ដែក សៀង និងពោតជាដើម​ក៏នឹងត្រូវបាន​ហាមឃាត់​ក្នុងការ​នាំចេញ​ទៅកាន់​សហរដ្ឋអាមេរិក​ផងដែរ បើសិន​ជា​លោក ត្រាំ ហ៊ានបង្ក​បញ្ហា​ដល់វិស័យពាណិជ្ជកម្មចិននោះ៕