(ម៉ូស្គូ)៖ សហរដ្ឋអាមេរិក និងអង្គការណាតូ (NATO) បានដាក់​ពង្រាយ​បន្ថែមនូវ​ពលទាហាន​រួមជាមួយ និងបរិក្ខា​យោធា​​ជា​ច្រើន​ផ្សេង​​ទៀត ​ទៅ​កាន់បណ្តា​ប្រទេស​នៅតំបន់​អឺរ៉ុបភាគ​កណ្តាល​ និងខាងកើត​ក៏ដូចជា​ប្រទេស​នៅតំបន់​បាល់ទិច (Baltic) ដោយលើក​យកបញ្ហា​សន្តិសុខ​ធ្វើជា​​ហេតុផល ប៉ុន្តែការ​បង្កើន​កម្លាំង​យោធា​ទ្រង់ទ្រាយ​ធំបែបនេះ​មិនធ្លាប់​មាន​នៅតាម​តំបន់ទាំងនោះឡើយ គឺមិនមែនសំដៅ​ការពារ​ព្រំដែន​​សហភាព​​អឺរ៉ុប​នោះឡើយ។ នេះបើតាម​សម្តី​របស់​អ្នកជំនាញ​មួយរូប ដែលបាន​ដកស្រង់​ដោយ​​សារព័ត៌មាន​​រុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០១៧។

លោក​សាស្រ្តា​ចារ្យ Janusz Niedzwiedzki នាយក​សាកលវិទ្យាល័យ​បច្ចេកវិទ្យា Warsaw បានប្រាប់​សារព័ត៌មាន Sputnik យ៉ាង​ដូច្នេះ​ថា «​សូមមានភាព​ស្មោះត្រង់! វាមិនមែន​អំពីការ​ការពារ​ព្រំប្រទល់​ភាគខាងកើត​របស់​សហភាពអឺរ៉ុប ឬមួយក៏អង្គការ NATO នោះឡើយ ទោះ​បី​ជា​​អ្នក​ហៅ​វា​​ជា​អ្វីក៏ដោយ... ធាតុពិតនេះ​គឺជាការ​ដាក់ពង្រាយថ្មី​មួយបន្ថែមទៀត​នូវកងទ័ព​ និងបរិក្ខា​យោធា​ទៅជិតព្រំដែន​ប្រទេសរុស្ស៉ី»។

គួរបញ្ជាក់ថាកាលពីសប្តាហ៍​មុនកង​ទ័ពអាមេរិក​ប្រហែល ៤,០០០នាក់​រួមជា​មួយ​រថពាស​ដែក​រាប់រយគ្រឿង និងរថក្រោះ​ជាង​ ៨០គ្រឿង​ទៀត ត្រូវបាន​បញ្ជូន​ទៅដល់​ប្រទេស​អាល្លឺម៉ង់ ហើយដឹកជញ្ជូន​ទៅកាន់ប៉ូឡូញ​ ដើម្បីដាក់​ពង្រាយ​បន្ត​នៅតាម​តំបន់អឺរ៉ុប​ខាងកើត ក្នុងនាម​ជាផ្នែក​នៃ​ប្រតិបត្តិការ Atlantic Resolve ដែល​ត្រូវបាន​បង្កើត​ឡើង​ដើម្បី​សំដៅ​ធានា ​ប្រាប់សម្ព័ន្ធ​មិត្ត​របស់​ទីក្រុងវ៉ាស៊ីនតោននៅអឺរ៉ុបថា សហរដ្ឋអាមេរិក​មានការប្តេជ្ញា​យ៉ាងមុះមុត​ដើម្បី​ការពារ​ពួកគេ​ពីទីក្រុង​ម៉ូស្គូ ទោះបីជា​រុស្ស៉ី​បាន​បដិសេធជា​ដដែលៗ​ថា​ ខ្លួនមិន​បង្កការ​គំរាម​កំហែង​ណាមួយ​ដល់អ្នកជិត​ខាង​ ឬមួយ​ក៏ប្រជាជាតិ​ណាមួយ​នៅលើ​ពិភពលោក​នោះ​ឡើយ។

រំលឹកកាលពីដើមសប្តាហ៍នេះ កងម៉ារីន​របស់សហរដ្ឋអាមេរិក​ប្រមាណ​ ៣០០នាក់​បានធ្វើដំណើរ​មកដល់​ប្រទេសន័រវេស​ និងបន្តរក្សាវត្តមាន​នៅ​ទី​នោះក្នុង​រយៈពេល​រហូតដល់​ ០៦ខែ ខណៈដែលការចល័តបែបនេះ​​ គឺជាលើកទីមួយហើយចាប់​តាំង​​ពី​សង្រ្គាម​លោក​​លើក​ទី​ពីរ​មក ដែលកង​កម្លាំង​យោធា​​បរទេស​​ត្រូវ​បាន​អនុញ្ញាត​​ឲ្យឈរជើង​​នៅក្នុងប្រទេស​​អឺរ៉ុបខាងជើងមួយនេះ ហើយវាក៏អាចជា​ការរុក​គួន​ប្រទេសរុស្ស៊ីដែលជាអ្នកជិតខាង​របស់​ន័រវេសផងដែរ។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារ​ព័ត៌មាន ​Reuters នៅមុននេះបន្តិចនាព្រឹកថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០១៧។

កងម៉ារីនខាងលើ​ដែលធ្វើ​ដំណើរ​មកពីមូលដ្ឋាន​ទ័ព Camp Lejeune ក្នុងរដ្ឋ North Carolina បានមក​ដល់​អាកាស​យានដ្ឋាន Vaernes ដែល​គ្រប​ដណ្តប់​ទៅដោយព្រិល​ទឹកកក​នៅក្បែរ​ទីក្រុង​ដ៏ធំទីបី Trondheim របស់ប្រទេសន័រវេស​ដែលជាកន្លែង​មានសីតុណ្ហភាព​ដ៏ត្រជាក់​បំផុត។ ​កង​កម្លាំង​របស់​សហរដ្ឋអាមេរិក​នឹង​បន្តស្ថិត​នៅប្រទេសន័រវេស​សម្រាប់​រយៈពេល​មួយឆ្នាំ ជាមួយ​នឹងក្រុមម៉ារីន​ថ្មី​ដែលនឹង​មកជំនួស​កងម៉ារីន​​ប្រហែល​​៣០០​នាក់នេះ ដែលត្រូវ​ត្រឡប់​ទៅមាតុភូមិ​វិញនៅ​ ០៦ខែក្រោយ ហើយ​ពួកគេ​នឹងស្នាក់​នៅមូលដ្ឋាន​យោធា Vaernes ស្ថិតនៅ​ចម្ងាយ​​ប្រមាណ១,៥០០គីឡូម៉ែត្រ ពី​ព្រំប្រទល់​ប្រទេស​រុស្ស៊ី ដើម្បីសិក្សា​អំពីយុទ្ធសាស្រ្ត​ធ្វើសង្រ្គាម​នារដូវត្រជាក់។

អ្នកនាំពាក្យ​យោធាន័រវេស​បានបញ្ជាក់ថា ​ប្រតិបត្តិការខាងលើ​ និងការព្រួយ​បារម្ភ​របស់​អង្គការ NATO ចំពោះ​ប្រទេសរុស្ស៊ីគឺមិនពាក់ព័ន្ធគ្នា​ឡើយ ក៏ប៉ុន្តែការ​បញ្ចូន​កងម៉ារីន​ប្រមាណ ​៣០០នាក់នេះ​ត្រូវបានធ្វើ​ឡើងស្របពេលដែល​សហរដ្ឋអាមេរិក​បញ្ចូន​ទ័ព​ជាច្រើនពាន់នាក់ ​ទៅកាន់​ប្រទេស​ប៉ូឡូញ ដើម្បី​បង្កើន​សាច់ដុំ​បណ្តាសម្ព័ន្ធ​មិត្តរបស់ ខ្លួននៅអឺរ៉ុប​ខាងកើត​ ដែលកំពុងព្រួយ​បារម្ភអំពី​សកម្មភាព​របស់​ទីក្រុង​ម៉ូស្គូ៕