(រ៉ូម)៖ ប្រធានាធិបតីអ៉ីតាលី លោក Sergio Mattarella បានចាត់ទុកថា គ្រោះរញ្ជួយដីដែលបានវាយប្រហារលើតំបន់ Marche នៅថ្ងៃពុធនេះ គឺជាគ្រោះមហន្តរាយ មួយ ហើយលោកក៏បានអំពាវនាវឱ្យមានការផ្ដល់ជំនួយជាបន្ទាន់ផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ ២០១៧។

​យោងតាម​ BBC គ្រោះធម្មជាតិរញ្ជួយផែនដីកំរិត ៥.៤រ៉ិចទ័រ បានវាយប្រហារ​ចំទីក្រុង​រ៉ូម នៃប្រទេសអ៊ីតាលី ហើយការញ័ររញ្ជួយកំរិតបង្គួរនេះបានជះឥទ្ធិពល​ដល់​តំបន់មួយចំនួន​ទៀតរួមមាន Lazio, Abruzzo, និង Marche ផងដែរ។ គ្រោះរញ្ជួយដីខាងលើបានកើត​ឡើងនៅវេលា​ម៉ោងប្រមាណ​ជា ១០៖២៥នាទីព្រឹកថ្ងៃពុធនេះ (ម៉ោងនៅក្នុងទីក្រុងរ៉ូម) ស្ថិតនៅចម្ងាយ១១១គីឡូម៉ែត្រ​ភាគឦសាន​ទីក្រុងរ៉ូម ជាមួយនឹង​ជម្រៅ​ដ៏រាក់គឺត្រឹម១០គីឡូម៉ែត្រ​នៅក្រោម​ផ្ទៃដីតែ​ប៉ុ​ណ្ណោះ។

​គួររំលឹកថា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ មនុស្សយ៉ាងហោចណាស់៣០០នាក់ បានស្លាប់ បន្ទាប់ពីគ្រោះរញ្ជួយដីកំរិត៦.០រ៉ិចទ័រ បានវាយប្រហារលើតំបន់ Pitignano និង Montereale ស្ថិតចំងាយប្រមាណជា២០គីឡូម៉ែត្រ ពីភាគខាងត្បូងតំបន់ Amatrice៕