(ប៉េកាំង)៖ រដ្ឋាភិបាលចិន​នៅថ្ងៃពុធនេះ​បានស្នើយ៉ាងទទូច ​ដល់សហរដ្ឋអាមេរិកកុំអនុញ្ញាត​ឲ្យក្រុម​គណៈប្រតិភូ​នៃ​កោះ​តៃវ៉ាន់ ត្រូវអញ្ចើញទៅ​ចូលរួម​ពិធីស្បថឡើង​កាន់តំណែង​របស់ ​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក​ លោក ដូណាល់ ត្រាំ ដែលនឹងប្រព្រឹត្តទៅនាចុងសប្តាហ៍នេះ។ នេះបើតាម​សម្តី​អ្នកនាំពាក្យ​នៃក្រសួងការ​បរទេស​ចិន​លោកស្រី Hua Chunying ដែលដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅមុននេះ​បន្តិចនា​រសៀលថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០១៧។

គួរបញ្ជាក់ដែរថា លោក ដូណាល់ ត្រាំ កាលពីចុងឆ្នាំ​មុនបាន​ប្រាសចាក​គោលការណ៍​ដ៏យូរអង្វែង​របស់​សហរដ្ឋ​អាមេរិក ដោយ​ការ​​ទទួល​​ទូរស័ព្ទ​អបអរសាទរ​ពីសំណាក់​ លោកស្រី​ប្រធានាធិបតី​តៃវ៉ាន់ ត្សៃ អ៊ីងវិន ហើយប្រការនេះ​បានបណ្តាល​ឲ្យទីក្រុងប៉េកាំង ​ដែល​តែង​តែ​ចាត់​ទុកកោះ​តៃវ៉ាន់​ថា​គ្រាន់តែជាខេត្តមួយ​របស់ប្រទេស​ចិន​នោះ​បាន​ផ្ទុះ​កំហឹង​​ជាខ្លាំង។ ជាងនេះ​ទៅទៀត​​អនាគត​ប្រធានាធិបតី​​អាមេរិករូបនេះ ក៏បាន​គូសបញ្ជាក់ជា​ច្រើនដងដែរ​ថា «គោលនយោបាយ​ចិនតែមួយ» ដ៏សំខាន់នោះ​នឹងត្រូវធ្វើ​ការចរចា​ឡើងវិញ។

លោក ដូណាល់ ត្រាំ នឹងស្បថចូលកាន់​តំណែង​នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ (ម៉ោងនៅ​ក្នុងរដ្ឋធានី​វ៉ាស៊ីនតោន) គឺនៅសល់​​តែពីរថ្ងៃទៀតប៉ុណ្ណោះ៕