(​វ៉ាស៊ីនតោន)៖ អតីត​ប្រធានាធិបតី​អាមេរិក លោក George H.W. Bush ត្រូវបាន​គេរាយការណ៍​ថា​កំពុងសម្រាក​នៅឯមន្ទីរពេទ្យ​មួយកន្លែង​ក្នុងទីក្រុង Houston រដ្ឋតិចសាស់ ប៉ុន្តែទន្ទឹមគ្នានោះដែរ ប្រធាន​ការិយាល័យ​របស់លោក​បាន​អះអាង​ថា​ ស្ថានភាពសុខភាពលោក Bush បានត្រឡប់​មកភាព​ធម្មតា និងល្អប្រសើរឡើង​វិញហើយ តែមិនបានបញ្ជាក់​ពីជំងឺអ្វី​ទេ។ នេះបើតាម​ស្ថានីយ៍​ទូរទស្សន៍ KHOU ដែលចុះ​ផ្សាយបន្ត​ដោយទីភ្នាក់ងារសារព័ត៌មាន Reuters ​នៅរសៀលថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០១៧។​

ថ្លែងប្រាប់​ស្ថានីយ៍​ទូរទស្សន៍ KHOU Houston លោក Jean Becker បានបញ្ជាក់ថា លោក George H.W. Bush មានអាយុ ៩២ឆ្នាំ កំពុងស្ថិតនៅក្នុង​ស្ថានភាព​ដ៏ល្អប្រសើរ​ហើយលោក​អាចនឹងចេញ​ពីមន្ទីរពេទ្យត្រឡប់​ទៅ​ផ្ទះវិញ នៅប៉ុន្មានថ្ងៃ​ខាងមុខនេះ។ ចំណែកឯមន្ទីរពេទ្យ​ដែលលោកស្នាក់​នៅ និងព្យាបាល​ពុំទាន់ត្រូវគេបញ្ជាក់ឈ្មោះ និងទីតាំង​នៅឡើយទេ។

គួរបញ្ជាក់ថា​អតីតប្រធានាធិបតីអាមេរិក លោក George H.W. Bush ដែលត្រូវជាឪពុក​​របស់​អតីត​​ប្រធានាធិបតី លោក George W. Bush មិនសូវជា​បានបង្ហាញ​មុខជា​សាធារណឡើយចាប់តាំង​ទសវត្សរ៍​ទី៩០មក ហើយកាលពី​ឆ្នាំ២០១៤ លោកបានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យជាង ០៧សប្ដាហ៍ដើម្បី ព្យាបាលជំងឺ​រលាកសួត និងពិបាកដង្ហើម ៕