(រុស្ស៊ី)៖ រដ្ឋាភិបាលទីក្រុងម៉ូស្គូ បានបង្ហាញឆន្ទៈ​ក្នុងការ​ធ្វើកិច្ច​សហការជាមួយ​នឹងរដ្ឋបាលថ្មី​របស់​សហរដ្ឋ​អាមេរិក​ស្ថិត​ក្រោមការដឹកនាំ​របស់លោក ដូណាល់ ត្រាំ ដើម្បី​ស្វែង​រកការ​ដោះស្រាយ​បញ្ហា និងដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹងការ​គំរាមកំហែង​ដែលប្រទេសទាំងពីរមានរួមគ្នា។ នេះបើតាម​សម្តីរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​រុស្ស៊ី លោក ស៊ឺហ្គៃ ឡាវរ៉ូវ ដកស្រង់ និងចុះផ្សាយដោយសារព័ត៌មានស៊ិនហួរ នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧។

ថ្លែងនៅក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំ​ឆ្នាំ​របស់​ លោក ឡាវរ៉ូវ បានអះអាង​ជាថ្មីម្តង​ទៀតថា រដ្ឋាភិបាលទីក្រុង ម៉ូស្គូ បានត្រៀមខ្លួនរួចជាស្រេច​ដើម្បីធ្វើការ​ជាមួយរដ្ឋា​ភិបាល​​ទីក្រុង​វ៉ាស៊ីនតោន ក្នុងលក្ខខណ្ឌ​ជា​ពាណិជ្ជកម្ម និងដោយ​ស្មើភាព ព្រមទាំង​គោរព​ផលប្រយោជន៍​គ្នា​ទៅវិញ​ទៅមក។

លោក ត្រាំ ដែលនឹងស្បថឡើងកាន់តំណែង ជាប្រធានាធិបតីសហរដ្ឋអាមេរិក នៅថ្ងៃសុក្រសប្តាហ៍នេះ បានលើកឡើងថា លោកចង់ផ្តោតសំខាន់ លើផ្នែកសន្តិសុខ ដែលជាផលប្រយោជន៍មូលដ្ឋាន​របស់​​សហរ​ដ្ឋ​អាមេរិក ស្របពេលដែលលោក ឡាវរ៉ូវ បានលើកឡើង​ដូចគ្នា​ផងដែរ ជាមួយនឹង​គោលនយោបាយ​​ការបរទេស​របស់​រដ្ឋាភិបាល​ទីក្រុងម៉ូស្គូ ដែលបង្កើតឡើងដោយ​លោកប្រធានាធិបតី​រុស្ស៊ី វ្ល៉ាឌីមៀ ពូទីន។

«នៅពេលដែលយើងបានឮ​ថា ក្នុងគោល​នយោបាយ​ការបរទេស អ្វីដែល​សំខាន់សម្រាប់​លោក ដូណាល់ ត្រាំ គឺការប្រយុទ្ធប្រឆាំង​នឹងអំពើភេរវកម្ម យើងពិតជា​អបអរសាទរ​»។ នេះបើតាមសម្តី​លោករដ្ឋ​មន្ត្រី​ការ​បរទេស​រុស្ស៊ី។ លោក ឡាវរ៉ូវ ក៏បានរិះគន់ចំពោះរដ្ឋបាលជិតផុតអាណត្តិ ស្ថិតក្រោមការដឹកនាំរបស់លោក បារ៉ាក់ អូបាម៉ា​ ថាបានបរាជ័យលើការសន្យា​ក្នុងការប្រយុទ្ធ​ប្រឆាំងនឹងអំពើភេរវកម្ម៕