(កៀហ្ស៊ីស៊ីស្ថាន)៖ ប្រអប់ខ្មៅទី០២ ត្រូវបានរកឃើញហើយ​ នៅទីតាំងយន្តហោះ​ដឹកទំនិញរបស់​ប្រទេស​តួកគីដែលបានធ្លាក់​នៅជិតរដ្ឋធានី Bishkek របស់​ប្រទេស​កៀហ្ស៊ីស៊ីស្ថាន។ នេះបើតាម​សារព័ត៌មាន Channel News Asia ចុះផ្សាយនារសៀលថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០១៧នេះ។

យន្តហោះដឹកទំនិញ​ប្រភេទ Boeing 747 ត្រូវបាន​ប្រតិបត្តិការ​ដោយក្រុមហ៊ុន ACT Airlines របស់ប្រទេស​តួកគី​បានធ្លាក់ចំផ្ទះរបស់ប្រជាពលរដ្ឋ នៅជិតអាកាសយាន្តដ្ឋាន Manas ជិតរដ្ឋធានី Bishkek ដែលធ្វើឲ្យផ្ទះ ១៥ខ្នងរងការខូចខាតទាំងស្រុង និងអ្នកភូមិទាំងចាស់ទាំងក្មេងជាង ៣៣នាក់ បានស្លាប់បាត់បង់ជីវិតដ៏គួរឲ្យខ្លោចផ្សាបំផុត រួមនឹងអ្នកនៅលើយន្តហោះសរុប ០៤នាក់ទៀត។

យោង​តាមផ្នែក​​រដ្ឋបាល​នៃ​អាកាស​យានដ្ឋាន Manas យន្តហោះ​​ខាងលើ​​ត្រូវបានបង្ខំឲ្យចុះចត​​នៅទីនោះសិន មុននឹងបន្ត​ដំណើររបស់​ខ្លួនដែល​មានគោលដៅ​ ពីទីក្រុងហុងកុង​នៃប្រទេសចិន​ ទៅកាន់ទីក្រុង​អ៉ីស្តង់ប៊ុល​នៃប្រទេស​តួកគី ក៏ប៉ុន្តែ​ជាអកុសលវា​បានធ្លាក់ នៅ​ពេលដែលកំពុងព្យាយាម​ធ្វើ​ការចុះចត​ទាំងនៅក្នុង​ស្ថានភាព​មើលពុំសូវ​ឃើញច្បាស់​នាវេលា​ម៉ោង​ ៧៖៣១ព្រឹក (ម៉ោងក្នុង​ទីក្រុង​ប៊ិសកិក)។

យន្តហោះ​ដ៏ធំ​នេះ​​បានធ្លាក់ រួចជ្រុល​ទៅបុក​អូសកាត់​ចំលើភូមិ​កើតហេតុខាងលើ ​ក្នុងចម្ងាយ​រាប់រយម៉ែត្រ និងបែក​ខ្លួនវាជាបំណែក​យ៉ាងរប៉ាត់​រប៉ាយ ហើយ​ថែមទាំង​បានធ្វើ​ឲ្យលំនៅឋាន​​ប្រមាណ ១៥ខ្នងរងការ​បំផ្លិចបំផ្លាញទាំងស្រុង និងមនុស្សចំនួន ៣៧នាក់បាត់បង់ជីវិត (ក្នុងនោះ ៣៣នាក់ ជាប្រជាជនក្នុងតំបន់ និង០៤នាក់ជាមនុស្សជិះ​នៅលើយន្តហោះ​ទាំងអស់​រួមទាំងពីឡុត)។

ក្រោយពីកើតហេតុភ្លាមៗនៅព្រឹកថ្ងៃចន្ទ ទី១៦ ខែមករា អាជ្ញាធរអាកាសចរណ៍កៀហ្ស៊ីស៊ីស្ថាន បានបញ្ជា​ឲ្យផ្អាកជើងហោះហើរ​ទាំងអស់ ដែលមានគោលដៅ​ចេញ និងចូលព្រលាន​យន្តហោះ Manas ៕