(សេអ៊ូល)៖ ក្រុមហ៊ុន Samsung Electronics បានឱ្យដឹងនៅ​ថ្ងៃពុធនេះថា ខ្លួននឹងចាប់​ផ្ដើមផ្គត់ផ្គង់​កម្មវិធី Exynos processors សម្រាប់ប្រព័ន្ធផ្តល់ព័ត៌មាន និងកម្សាន្តបែបថ្មីនៅក្នុងរថយន្ដ​ដល់ក្រុមហ៊ុន Audi ​ដែលជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុន​អាល្លឺម៉ង់ Volkswagen ហើយដែលនេះគឺជា​ផ្នែកមួយនៃ​ការពង្រីកការ​លក់បន្ទះ Chip នៃទីផ្សាររថយន្ដ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia​ នៅព្រឹកថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០១៧។

នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ក្រុមហ៊ុន Samsung បានឲ្យដឹងថា កម្មវិធី Exynos processors នឹងមាន​ជាផ្ទាំងអេក្រង់​បង្ហាញចំនួនបួន​ស្រាប់បម្រើកម្មវិធី​កម្សាន្ត និងផ្តល់ដំណឹងសម្រាប់​រថយន្ដលំដាប់ខ្ពស់ Audi ជំនាន់ថ្មី ដោយមិន​​បានបញ្ជាក់​ឡើយពី​តម្លៃនៃកិច្ចសន្យា ឬក៏ថាតើក្រុមហ៊ុននឹងប្រើបន្ទះ Chip ប្រភេទអ្វីនោះ។

សម្រាប់ប្រព័ន្ធកម្សាន្ត និងប្រាប់ដំណឹង​នៅក្នុង​រថយន្ដទំនើបនេះ ត្រូវបានបំពាក់​ដោយផ្ទាំងអេក្រង់​បង្ហាញពីមឺនុយក៏ដូចជាសេវា អ៊ីនធើណែត ប្រព័ន្ធចង្អុលបង្ហាញផ្លូវ MP3 និងវីដេអូជាដើម ហើយមិនតែប៉ុណ្ណោះប្រព័ន្ធថ្មីនេះ ក៏នឹងអនុញ្ញាត​ឱ្យម្ចាស់​រថយន្ដភ្ជាប់​ទូរស័ព្ទដៃ​របស់ពួកគេ​​ជាមួយ​រថយន្ដ​ ដើម្បីបង្កើនការកម្សាន្ត និងជជែកគ្នាផងដែរ។

គួរបញ្ជាក់ថា​បច្ចុប្បន្នក្រុមហ៊ុន​ Samsung ដែលជាក្រុមហ៊ុនផលិតទូរស័ព្ទលំដាប់កំពូលលើលោក កំពុង​ព្យាយាម​​វាយលុកចូល​ក្នុងទីផ្សារបន្ទះ memory chips តាមរយៈការ​បង្កើន​ការលក់​បច្ចេកវិទ្យា​មុខងារ​កម្សាន្តនៅលើរថយន្ដ ខណៈ Samsung ក៏បានផ្គត់ផ្គង់​រួចហើយ​ដែរនូវ memory chips សម្រាប់ក្រុមហ៊ុន Audi​៕