(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើងត្រូវបានគេមើលឃើញថា បានដើរហើរទៅណាមកណា ដោយប្រើប្រាស់​ឈើច្រត់ជំនួយជាថ្មី​ម្តងទៀតហើយ ដោយកាលពី​ឆ្នាំមុន​លោកធ្លាប់​បានទទួល​ការព្យាបាល​ផ្នែកកជើង និង​បាន​ប្រើ​ប្រាស់​ឈើច្រត់​ជំនួយ​ដូចពេល​នេះដែរ។ នេះបើតាមការ​ចេញផ្សាយដោយ​ទីភ្នាក់ងារព័ត៌មាន​កូរ៉េខាងត្បូង យ៉ុនហាប់ នាព្រឹកថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០១៧។

គួរបញ្ជាក់ថាលោក គីម ជុងអ៊ុន មានវ័យ ៣៣ឆ្នាំហើយ ដោយលោកបានឡើងកាន់តំណែងជាមេដឹកនាំ​កំពូលផុតលេខរបស់ប្រទេសកូរ៉េខាងជើង កាលពីឆ្នាំ២០១២ ក្រោយការទទួលមរណភាពរបស់ឪពុកគឺ​លោក គីម ជុងអ៊ីល កាលពីខែធ្នូ ឆ្នាំ២០១១។ ការប្រើប្រាស់ឈើច្រត់ គឺត្រូវបានគេប្រទះតាំងពីចុងខែធ្នូ ឆ្នាំ២០១៦ មកម្ល៉េះ នៅពេលលោក គីម បានដឹកនាំការងារនានា ដែលមានការចេញផ្សាយ​សកម្មភាព​របស់លោក តាមរយៈកញ្ចក់ទូរទស្សន៍រដ្ឋ។

កាលពីលោក គីម ជំនាន់ទីបីឡើងកាន់តំណែងជាលើកដំបូងនោះ ទម្ងន់របស់លោកមិនដល់​ ១០០គីឡូក្រាម​នោះឡើយ ប៉ុន្តែមកដល់ឆ្នាំ២០១៦ កន្លងទៅនេះ​ទម្ងន់របស់លោកបានកើនឡើងដល់ជាង ១៣០គីឡូក្រាម ខណៈកម្ពស់របស់លោកតែ ១៧០សង់ទីម៉ែត្រតែប៉ុណ្ណោះ។ ប្រការនេះធ្វើឲ្យយើងដឹងថា កម្ពស់និងទម្ងន់​របស់លោក គឺមិនល្អសម្រាប់សុខភាពនោះឡើយ ហើយលោក គីម ក៏ចូលចិត្តទទួលទានបារីថែមទៀត៕