(ដាវ៉ូស)៖ ខណៈនៅប៉ុន្មានថ្ងៃទៀត​ប៉ុណ្ណោះដែល លោក ដូណាល់ ត្រាំ នឹងស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិកថ្មី​នោះ ប្រ​ធា​នា​ធិប​តី​ចិន​លោក ស៊ី ជីនពីង បានប្រាប់​ទៅកាន់​លោក ចូ បៃដិន (Joe Biden) អនុប្រធានាធិបតី​អាមេរិកថា ពិភពលោក​ទាំងមូល​​ត្រូវការ​ឲ្យចិន ​​និង​​សហរដ្ឋអាមេរិក​មានទំនាក់ទំនងជាមួយគ្នា​ប្រកបដោយ​ស្ថិរភាព​ និងសហប្រតិបត្តិការ។ នេះបើតាម​ការចេញ​ផ្សាយដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅមុននេះ​បន្តិចនាព្រឹក​ថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០១៧។

នៅក្នុងជំនួប​ក្រៅផ្លូវការ​នៃវេទិកា​សេដ្ឋកិច្ចពិភពលោក​ក្នុងទីក្រុង​ដាវ៉ូស (Davos) នៃប្រទេស​ស្វីស​លោក ស៊ី ជីងពីង បានថ្លែងទៅកាន់​លោក​ ចូ បៃដិន ថា​រូបលោក​សូមធ្វើការ​កោតសរសើរ​ដោយស្មោះអស់ពី​ចិត្តចំពោះ​កិច្ចខិតខំប្រឹង​ប្រែង​របស់​លោក បៃដិន ក្នុងការបង្កើន​ចំណង​​មិត្ត​ភាព​ព្រមទាំង​ការយោគ​យល់​ក៏ដូចជា អធ្យាស្រ័យគ្នា​ទៅវិញ​ទៅមក​រវាងរប្រទេសទាំងពីរ។

លោកប្រធានាធិបតី​នៃប្រទេសចិន​បានលើក​ឡើងថា «នៅក្នុងរយៈពេល​ ៣៨ឆ្នាំ​ចាប់តាំង​ពី​ការបង្កើត​ទំនាក់ទំនង​ការទូតមក ទំនាក់ទំនងរវាង​ប្រទេស​ទាំងពីរ​បានឆ្លងកាត់​ព្យុះភ្លៀង​ជាច្រើនរាប់​មិនអស់ ប៉ុន្តែជា​ធម្មតា​នៅតែបន្ត​ពុះពារ​ឆ្ពោះទៅមុខ​ឥតរួញរា​ដើម្បីពង្រឹង​ឲ្យកាន់​តែរឹងមាំ»។ លោក ស៊ី ជីនពីង បានបន្ថែម​ទៀតថា នៅក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី​អាមេរិក​លោក បារ៉ាក់ អូបាម៉ា ទំនាក់ទំនង​ចិន-អាមេរិក ត្រូវ​បាន​គ្រង់គ្នាសង្កេតឃើញថា មានការអភិវឌ្ឍដ៏ត្រឹមត្រូវ​មួយ ហើយ​លទ្ធផលវិជ្ជមាន​ និងសំខាន់ៗ​ជាច្រើន​ត្រូវសម្រេច​បាន។ ជាចុងក្រោយ​លោក ស៊ី បានថ្លែងថា «ប្រជាជន​នៃប្រទេសទាំងពីរ​ក៏ដូចជា​ពិភពលោក​ទាំងមូល​ ចាំបាច់​ទាមទារ​ឲ្យចិន​ និងអាមេរិក​ខិតខំ​រួមសហការ ដើម្បី​បង្កើត​ទំនាក់ទំនង​សហប្រតិបត្តិការ​មួយដែល​ប្រកប​ដោយ​ស្ថិរភាព​»

នៅក្នុងឱកាស​នោះ​លោក ចូ បៃដិន ក៏បាន​គូសបញ្ជាក់​ដែរថា​ សហរដ្ឋអាមេរិកសង្ឃឹមថាប្រទេសទាំងពីរ «អាចបន្តជម្រុញការជឿទុកចិត្តគ្នា​ទៅ​វិញទៅមក ឲ្យកាន់តែស៊ីជម្រៅ និងអាចពង្រីក​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត»។ ដោយឡែក​នៅក្នុងជំនួប​ក្រៅផ្លូវការ​នេះ ពុំមានការ​លើកឡើង​ណាមួយ​ពាក់ព័ន្ធនឹង​អនាគត​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ ដែល​នឹងស្បថ​ចូលកាន់តំណែង​នៅចុង​សប្តាហ៍​នេះ​ឡើយ៕​