(នីហ្សេរីយ៉ា)៖ យន្តហោះចម្បាំងនៃកងទ័ពជើងអាកាសនីហ្សេរីយ៉ា បានសម្លាប់ជីវិតមនុស្សយ៉ាងតិចចំនួន៥២នាក់ និងធ្វើឲ្យរងរបួសចំនួន​១២០នាក់ផ្សេងទៀត នៅក្នុងការវាយប្រហារដោយទម្លាក់គ្រាប់បែកទៅលើជំរុំជនភៀសខ្លួនមួយកន្លែង នៅភាគឦសាននៃប្រទេស។ នេះ​បើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅមុននេះបន្តិចនាព្រឹកថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០១៧។

អ្នកនាំពាក្យអង្គការមនុស្សធម៌ Medecins Sans Frontieres (MSF) បានឲ្យដឹងថា ការវាយប្រហារខាងលើបានកើតឡើងនៅក្នុងក្រុង Rann នៃរដ្ឋ Borno ដែលជាមូលដ្ឋានប្រមូលផ្តុំទៅដោយក្រុមសកម្មប្រយុទ្ធ Boko Haram ខណៈយោធានីហ្សេរីយ៉ាអះអាងថាប្រតិបត្តិការ​តាមផ្លូ ​អាកាសនេះតាមពិតទៅគឺត្រូវបាន ធ្វើឡើងក្នុងគោលបំណងសំដៅរកក្រុមជ្រុលនិយមនេះតែប៉ុណ្ណោះ ដោយពុំមានចេតនាបើកការ​វាយប្រហារ​​ទៅលើជំរុំជនភៀសខ្លួននោះឡើយ​។

លោក Tim Shenk អ្នកនាំពាក្យ MSF បាននិយាយថា​ «មនុស្សយ៉ាងហោចណាស់ក៏ចំនួន៥២នាក់ បានបាត់បង់ជីវិតនៅក្នុងហេតុការណ៍​នេះ ហើយ១២០នាក់ផ្សេងទៀតបានទទួលរងរបួស»។ ជាមួយគ្នានេះក្រុមគ្រូពេទ្យនៃអង្គការ MSF នៅក្នុងតំបន់កំពុងត្រៀមខ្លួនដើម្បី​ពិនិត្យ​​និងព្យាបាលជនរងគ្រោះដែលត្រូវបានជម្លៀសចេញពីកន្លែងរងការវាយប្រហារ។ ទន្ទឹមនឹងនេះលោក Femi Adesina អ្នកនាំ​ពាក្យ​ប្រ​ធា​​នា​ធិប​តី​នីហ្សេរីយ៉ា បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍តាមសារអេឡិចត្រូនិចមួយថា «លោកប្រធានាធិបតី Muhammadu Buhari បានសន្យា​ថា និងផ្តល់ជំនួយឲ្យអស់ពី សមត្ថភាពដល់ជនទាំងឡាយ នៅក្នុងកំហុសប្រតិបត្តិការយោធា​ដែល​គួរ​ឲ្យ​សោក​ស្តាយ​ជាទី​បំផុត​នេះ»

គួរបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធ Boko Haram បានសម្លាប់ជីវិតមនុស្សដល់ទៅជាង១៥,០០០នាក់ គិតចាប់តាំងពីឆ្នាំ២០១០មក ហើយបាន​បង្ខំឲ្យប្រជាជន នីហ្សេរីយ៉ាប្រមាណជាពីរលាននាក់ភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ ដែលភាគច្រើនក្នុងចំណោមនោះបានផ្លាស់​ទៅ​ស្នាក់អាស្រ័យនៅក្នុងជំរុំសម្រាប់ ជនគ្មានទីជ្រកកោណនៅក្នុងប្រទេស៕