(ញូដេលី)៖ យុវវ័យឥណ្ឌាចំនួនពីរនាក់​ត្រូវបានរថភ្លើងល្បឿនលឿនបុក​ និងដាច់ខ្យល់​ស្លាប់ភ្លាមៗ​នៅ​ក្នុង​រដ្ឋ​ធានី​ញូ​ដេ​លី​ នៃ​ប្រទេស​ឥណ្ឌា ខណៈពេលពួកគេ​កំពុងតែជាប់​រវល់ឈរ​កាច់រាង​ដើម្បីថតរូប​ស៊ែលហ្វី (Selfies) នៅលើផ្លូវដែក​មួយខ្សែ។ នេះបើ​តាមការ​ចេញ​ផ្សាយ​ដោយទីភ្នាក់ងារ​ព័ត៌មានចិន ស៊ិនហួរ នៅមុននេះ​បន្តិចនាល្ងាច​ថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០១៧។

យុវវ័យទាំងពីរនាក់​បានបាត់បង់ជីវិត​កាលពីថ្ងៃសៅរ៍​សប្តាហ៍មុន នៅឯស្ថានីយ៍​រថភ្លើង Anand Vihar ក្នុងសង្កាត់ East Delhi។ ក្រុមគ្រួសារ​សាច់ញាតិ​របស់ជនរងគ្រោះ​បានប្រាប់ប៉ូលិសថា​ ពួកគេ​ព្រមទាំង​មនុស្ស​​ចំនួនប្រាំ​នាក់ផ្សេង​ទៀត​ បានទៅជួល​កាមេរ៉ាមួយគ្រឿងដើម្បី​យក​មក​ថត​រូប​ភាព​​​សម្រាប់​ការ​ដាក់ពាក្យ​ធ្វើជាម៉ូដែល ហើយក្នុងនោះក៏មានការថត Selfies កម្សាន្តលេងផងដែរ។

មន្រ្តីប៉ូលិសនៃស្ថានីយ៍រថភ្លើង​កើតហេតុ​ក្នុងនាមជាសាក្សី​​ផងដែរបាននិយាយ​ដូច្នេះ​ថា «លទ្ធផល​ស៊ើបអង្កេត​ជាបឋម​បាន​បង្ហាញ​ថា​ យុវវ័យទាំងពីរ​នាក់​កំពុង​តែចុចថត Selfies នៅចំពោះ​មុខរថភ្លើងមួយ​ដែលធ្វើដំណើរ​មករកពួកគេ ហើយខណៈពេល​ដែលកំពុងរវល់ធ្វើដូច្នោះ ជនរងគ្រោះ​ទាំងពីរនាក់​ក៏បានភ្លេចខ្លួនថា​ មានរថភ្លើង​មួយគ្រឿង​ទៀតស្ថិតនៅ​ពីខាងក្រោយពួកគេ​លើផ្លូវដែកមួយទៀត។ ក្រោយមកយុវជន​ទាំងពីរនាក់​​ក៏បានព្យាយាមលោត​ចេញទៅម្ខាងផ្លូវ​ដើម្បីគេចពីរថភ្លើង​ដែលកំពុង​បើកបរ​ក្នុងល្បឿនយ៉ាង​លឿន ប៉ុន្តែជា​អកុសល​ក៏ត្រូវបាន​បុក​​ចំពេញ​​ទំហឹង​ហើយដាច់ខ្យល់​ស្លាប់ភ្លាមៗ​តែម្តងទៅ»

ដោយឡែកមនុស្ស​ប្រាំនាក់​ផ្សេងទៀត​ ដែលនៅជា​មួយពួកគេ​បានរួចរស់ជីវិត​យ៉ាង​ប្រផិតប្រផើយ ដោយសារតែពួកគេបានឈរនៅឃ្លាតឆ្ងាយពីគ្នា ទើបងាយរត់គេចចេញពីគ្រោះថ្នាក់។ យុវវ័យទាំងអស់នេះ​គឺជា​មិត្តភក្តិនឹងគ្នា​ដែលសិក្សានៅសាលារៀន​ឯកជនមួយ ក្នុងទីក្រុងញូដេលី។ ប៉ូលិសបាន​រើសយក​កាមេរ៉ានៅកន្លែងកើតហេតុរក្សាទុក និងធ្វើការស្រាវជ្រាវ​ទៅក្នុងហេតុការណ៍ ដែលមិនគួរនឹង​ឲ្យកើតឡើងនេះ។

គួរបញ្ជាក់ថា ការស្លាប់ និងគ្រោះថ្នាក់ដោយសារតែការថតរូប Selfies គឺជារឿងមិនចម្លែកទៅហើយ​សម្រាប់ ប្រទេសឥណ្ឌា ដូចជាការថតលើស្ពានមិនប្រយ័ត្នរួចជ្រុលធ្លាក់ចូលទឹកទន្លេលង់ស្លាប់ និងការថតរូបមិនប្រយ័ត្ន បណ្តាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ជាដើម៕