(ម៉ូស្គូ)៖ រដ្ឋមន្រ្តី​ការបរទេស​រុស្ស៊ីលោក ស៊ឺហ្គៃ ឡារ៉ូវ បានថ្លែង​នៅថ្ងៃអង្គារនេះ​ថា​ ការដាក់​ពង្រាយកង​កម្លាំង​នៃអង្គការ NATO នៅតំបន់​អឺរ៉ុប​ខាងកើត​គឺជម្រើស​មិនល្អនោះ​ឡើយ ដោយតាំងពី​ដើមរៀងមក​រដ្ឋាភិបាល​​​ទី​ក្រុង​ម៉ូស្គូ​​តែង​តែ​បាន​​ប្តឹង​ថា​ ​សហរដ្ឋ​​អាមេរិក​​រួម​​ទាំង​​ប្រទេស​​សម្ព័ន្ធ​មិត្ត​នៅលោក​ខាងលិច​ បានបង្ខិត​​បន្តិច​​ម្តងៗ​ទៅ​កាន់​​តំបន់​ភាគ​​ខាង​​កើត​អឺរ៉ុប ហើយ​បានគំរាម​កំហែង​​ដល់​​សន្តិ​សុខ​ជាតិ​​របស់​ប្រទេស​​រុស្ស៉ីទៀតផង។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia នៅមុននេះ​បន្តិច​នាល្ងាច​ថ្ងៃ​អង្គារ ទី១៧ ខែមករា ឆ្នាំ២០១៧។

ស្របពេល​ជាមួយគ្នា​នេះ សហរដ្ឋអាមេរិក​ទើបតែ​បាន​បញ្ជូន​កងម៉ារីន​ប្រមាណ ៣០០នាក់​ទៅដល់​ប្រទេស​ន័រវេស ដើម្បីដាក់​ឲ្យឈរជើង​​​រយៈពេលពី​ ០៦ខែទៅមួយឆ្នាំ​នៅឯមូលដ្ឋាន​យោធា Vaernes ដែលស្ថិត​នៅចម្ងាយ​ប្រហែល​ ១,៥០០គីឡូម៉ែត្រពីព្រំប្រទល់​ប្រទេស​រុស្ស៉ី ​ដោយ​​អះ​អាង​ថា​​ ដើម្បី​សិក្សា​អំពីយុទ្ធ​សាស្រ្ត​​ធ្វើសង្រ្គាម​​នា​រដូវ​ត្រជាក់។

បន្ថែមពីនេះ​សហរដ្ឋអាមេរិក​​ក៏បានចាប់ផ្តើម​ការ​​ដាក់ពង្រាយ​​កងទ័ព​ប្រហែល​ជា​ ៤,០០០នាក់ រួមជាមួយ​និង​រថក្រោះចំនួន ​៨៧គ្រឿង ​ទៅ​​កាន់​​តំបន់អឺរ៉ុប​ខាងកើតផងដែរ ក្រោមហេតុ​ផល​ទប់ស្កាត់​​ការពង្រីក​ឥទ្ធិពល​យោធា និងដើម្បី​កំញើញ​រុស្ស៊ី ដែល​អាចនឹងលើកទឹកចិត្តឱ្យ​បណ្ដា​ប្រទេស​តូចៗ​​ហ៊ានពើង​ទ្រូងដាក់​ទីក្រុងមូស្គូ ក៏ប៉ុន្តែ​អ្នកវិភាគនយោបាយ និងសង្រ្គាមដ៏ជំនាញៗជាច្រើនរូប​បានលើកឡើងថា វាក៏​អាចនឹង​បង្កឱ្យ​មាន​ជម្លោះនៅក្នុង​តំបន់ផងដែរ។

កាលពីចុងឆ្នាំ២០១៦ នៅក្នុងសមយុទ្ធយោធាមួយរថយន្តពាសដែក ដែលផ្ទុកពេញដោយទ័ពម៉ារីនរបស់សហរដ្ឋអាមេរិក បានធ្វើដំណើរឆ្លងកាត់ព្រៃស្រល់ដ៏ស្ងាត់ជ្រងំ ជាមួយនឹងសីតុណ្ហភាព ត្រជាក់ ក្រោម​សូន្យអង្សា​ទៅកាន់​តំបន់មួយ ដែលស្ថិតនៅឆ្ងាយពីខ្សែបន្ទាត់​នៃតំបន់​អាក់ទិក ខណៈដែលមាន Drone មិនស្គាល់អត្តសញ្ញាណ កំពុងហោះសំកាំងពីលើពួកគេ។

គួរបញ្ជាក់ថា​ កាលពីឆ្នាំ២០១៤កន្លងទៅនេះ ប្រទេសរុស្ស៊ី​បានបោះជំហានទៅ​រកការ​ឈ្លានពានតំបន់​ដែល​ពួកគេ​ចង់បាន ព្រមទាំងអាចប្រើ​ប្រាស់អំណាច​យោធា​នៅទីនោះ ហើយនេះ​ជា​ហេតុផល​ដែលឲ្យអាមេរិក​ត្រូវផ្លាស់ប្តូរការផ្តោត​ការយកចិត្តទុ​កដាក់ចំពោះប្រទេស អាហ្វហ្គានីស្ថាន ហើយងាកមករួបរួម​កម្លាំង​ការពារជាតិ​ជាមួយសម្ព័ន្ធ​មិត្តក្នុងអង្គការ NATO ​វិញ។ មន្ត្រីសន្តិសុខជាន់ខ្ពស់របស់ប្រទេសណ័រវេស បានប្រាប់​សារព័ត៌មាន CNN ថា​ពួកគេមានក្តីបារម្ភ​ជាខ្លាំងពីការគំរាមកំហែង​របស់ប្រទេស​រុស្ស៊ី បន្ទាប់ពីវិបត្តិ​នៅគ្រីមៀ និងតំបន់ភាគ​ខាងកើតអ៊ុយក្រែន ជាកន្លែងដែលក្រុមបះ​បោរផ្តាច់ខ្លួន​រស់នៅដោយមានរុស្ស៊ីនៅពីក្រោយខ្នង៕