(អាមេរិក)៖ អវកាសយានិក​នៃបេសកកម្ម​អាប៉ូឡូ (Apollo) លោក Eugene A. Cernan ជាបុរសចុង​ក្រោយគេ​បំផុត​ដែលបាន​ឈានជើង​​ជាន់​លើ​ទីឋានព្រះច័ន្ទ បានទទួល​មរណភាព​ហើយ​ក្នុង​អាយុ​ ៨២ឆ្នាំ​នៅថ្ងៃចន្ទ (ម៉ោងនៅ​រដ្ឋធានី​វ៉ាស៊ីនតោន)។ នេះបើតាម​​ការចេញ​ផ្សាយ​​ដោយទីភ្នាក់ងារ​​ព័ត៌មានចិន ស៊ិនហួរ នៅមុននេះ​បន្តិច​នា​រសៀល​ថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០១៧។

ទីភ្នាក់ងារ​អវកាស​ណាសា (NASA) បានសរសេរ​សារ​រំលែកទុក្ខ​នៅក្នុងបណ្តាញ​ទំនាក់ទំនង​សង្គម Twitter ថា «ពួកយើង​មានទុក្ខ​ជា​ខ្លាំង​ដោយសារការបាត់បង់​ អវកាសយានិក​ណាសាមួយរូបគឺ លោក Egene Cerna​ ដែលបាន​ចូលនិវត្តន៍​ និងជាវីរៈបុរសចុងក្រោយ​គេ​បង្អស់​ដែលបាន​​ដើរ​​នៅលើផ្ទៃ​នៃព្រះច័ន្ទ» ក្រោយពេល​ដែលក្រុម​គ្រួសារ​របស់​អវយានិក​ នៃ​បេសកកម្ម Apollo រូបនេះបានប្រកាសថា​ រូបលោកបាន​ទទួល​​មរណភាពនៅថ្ងៃចន្ទ បន្ទាប់ពី​មានជំងឺឈឺថ្កាត់​ជាប់រហូត​មក។

យោងតាមក្រុមគ្រួសាររបស់លោក Cernan អវកាសយានិកជើងចាស់រូបនេះបាននិយាយជាចុងក្រោយថា «កាលពីមុនខ្ញុំគ្រាន់​តែជាក្មេងម្នាក់​ ធំដឹងក្តីឡើង​នៅ​​សហរដ្ឋ​អាមេរិក​ ជាមួយនឹង​ក្តីសុបិន្ត​មួយប៉ុណ្ណោះ។ ថ្ងៃនេះ​អ្វីដែល​សំខាន់ជាងគេ​បំផុត​សម្រាប់ខ្ញុំ គឺបំណង​ប្រាថ្នារបស់ខ្ញុំ​ក្នុងកា​រជំរុញ​ ​និងលើក​ទឹកចិត្ត​មនុស្ស​​ជំនាន់​ក្រោយ​ឲ្យសម្រេច​បានក្តី​ស្រមៃ​ ដែលស្ទើរតែ​មិនអាច​ទៅរួច​របស់​ពួកគេ​រៀងៗ​ខ្លួនឲ្យ​ក្លាយ​ជា​ការពិត»

គួរបញ្ជាក់ថាលោក Cernan កើតនៅទីក្រុង Chicago រដ្ឋ Illinios សហរដ្ឋ​អាមេរិក​នាថ្ងៃទី១៤ ខែមីនា ឆ្នាំ១៩៣៤ លោក Eugene Cernan ដែលត្រូវ​បានគេ​ហៅ​ជាទូទៅថា «Gene» គឺមេបញ្ជាការ​យានអវកាស​នៃបេសកកម្ម​ Apollo 17 ជាបេសកកម្ម​បញ្ជូនមនុស្ស​លើកចុងក្រោយ​ទៅកាន់​​ព្រះ​ច័ន្ទ​​ដែល​ បានធ្វើឡើង​ដោយ​​សហរដ្ឋអាមេរិក កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ១៩៧២ ហើយ​នៅពេល​ដែលលោក Cernan ឈានជើង​ចេញពី​យាន​អវកាស «Challenger» រូបលោក​គឺជាបុគ្គល​ទី១១ ដែលបានដើរ​នៅលើព្រះច័ន្ទ និងជាបុរស​ចុងក្រោយគេនៅលើ​ឋានមួយនេះ នៅពេល​លោកក្លាយជាអវកាស​យានិក​ក្រោយគេ ដែលបានវិល​ត្រឡប់ចូល​ក្នុង​យានអវកាស​វិញ៕