(សេអ៊ូល)៖ អតីត​អគ្គរដ្ឋទូតរង​កូរ៉េខាងជើងប្រចំាទីក្រុង​ឡុងដ៍ ចក្រភពអង់គ្លេស លោក ថែ យ៉ុង ហូ (Thae Yong Ho) បាននិយាយថា មន្ត្រីទូតកូរ៉េខាងជើង​ជាន់ខ្ពស់ជាច្រើន​នាក់ផ្សេង​ទៀត នៅតាម​បណ្ដាប្រទេស​ក្នុងតំបន់​អឺរ៉ុប​ ត្រូវបានគេរំពឹងថានឹងអាចរត់ភៀសខ្លួន​មកសុំជ្រកកោន​នៅកូរ៉េខាងត្បូង។ នេះបើ​តាមការ​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០១៧។

លោក ថែ យ៉ុង ហូ បានរត់ភៀស​ខ្លួនមកកាន់​កូរ៉េខាងត្បូង​កាលពីខែសីហា ឆ្នាំ២០១៦ ហើយចាប់​តាំងពី​ខែធ្នូ ឆ្នាំដដែល លោក ថេ បានបង្ហាញមុខជា​សាធារណៈ​នៅចំពោះមុខ​អ្នកសារព័ត៌មាន ក៏ដូចជាកម្មវិធី​ទូរទស្សន៍ ដែលផ្ដោត​ទៅលើប្រធាន​បទស្ដីពី​ការរត់ភៀសខ្លួន​មកកាន់​ទីក្រុងសេអ៊ូល និងជីវិតក្នុងនាមជាមន្ត្រី​ទូតកូរ៉េខាងជើង​របស់លោកកាលពីអតីតកាល។

អតីតអគ្គរដ្ឋទូត​រង​កូរ៉េខាងជើង​រូបនេះ បានកត់​សម្គាល់​ថា «មន្ត្រីទូតកូរ៉េខាងជើង​ជាច្រើននាក់ បានរត់ភៀស ខ្លួនមកកាន់​កូរ៉េខាងត្បូង​នាពេលថ្មីៗនេះ (...) ​ខ្ញុំមិនមែន​ជាមនុស្សតែម្នាក់​ដែលរត់ពី​អឺរ៉ុប មក​ជ្រកកោន​នៅកូរ៉េខាងត្បូង​នោះទេ ក៏ប៉ុន្តែ​នៅមាន​មន្ត្រីទូត​កូរ៉េខាងជើង​ដ៏ទៃទៀត កំពុងរង់ចាំរត់មកកាន់ទីនេះ (...) ហើយក្នុង​ចំណោមមន្ត្រី​ជាន់ខ្ពស់​កូរ៉េខាងជើង​ទាំងនោះ មានតែ​ខ្ញុំម្នាក់ប៉ុណ្ណោះ​បានបង្ហាញខ្លួន ជាសាធារណៈ»

គួររំលឹកថា​ លោក ថេ យ៉ុង ហូ មានអាយុ ៥៤ឆ្នាំ​ធ្លាប់និយាយជា​សាធារណៈថា លោកមិន​ពេញចិត្ត​ចំពោះការដឹកនាំ​របស់លោក គីម ជុងអ៊ុន ទើបលោក​សម្រេចចិត្ត​រត់មកជ្រកកោន​ជាមួយ​កូរ៉េខាងត្បូង ហើយចលនា​នេះ​គឺជាលើក​ដំបូង​បំផុត គិតចាប់​តាំងពីមន្ត្រីកំពូល​កូរ៉េខាងជើង​ផ្នែកមនោគមន៍​វិជ្ជារបស់ គណបក្សពលករ លោក Hwang Jang Yop បានរត់ភៀស​ខ្លួនមកកាន់​កូរ៉េខាងត្បូង​នៅឆ្នាំ១៩៩៧៕