(បាងកក)៖ ទឹកជំនន់ដ៏ខ្លាំងក្លាដែលបានវាយលុកបណ្តាខេត្តភាគខាងត្បូងប្រទេសថៃ នៅអំឡុងដើម​ឆ្នាំ២០១៧នេះ មិនត្រឹមតែបានផ្តាច់ជីវិតប្រជាជន ៤១នាក់ប៉ុណ្ណោះទេ វានៅបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរដ្ឋ និងឯកជនជាច្រើនសរុបជាទឹកប្រាក់ជាង ៧៧៣លានដុល្លារសហរដ្ឋអាមេរិក ខណៈអាជ្ញាធរឧតុនិយមបាន​ប្រកាសថា ភ្លៀងធ្លាក់ខ្លាំងនៅតំបន់ភាគខាងត្បូង នឹងកើតមានបន្ថែមទៀត​ពីថ្ងៃទី១៨-២២ ខែមករា។ នេះបើតាម​​ការចេញ​ផ្សាយនៅ​មុននេះ​បន្តិច ដោយសារព័ត៌មាន​បាងកកប៉ុស្តិ៍ នាព្រឹកថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០១៧។

កាលពីថ្ងៃចន្ទអ្នកនាំពាក្យរដ្ឋាភិបាល​ថៃបាននិយាយថា​នាយករដ្ឋមន្ត្រី លោក ប្រាយុទ្ធ​ ចាន់អូ បានបញ្ជាឱ្យ​ក្រុមមន្ត្រី​របស់លោក ចាត់វិធានការ​ទប់ទល់នឹង​គ្រោះទឹកជំនន់ បង្កឡើង​ដោយភ្លៀងធ្លាក់ខ្លំាង​ដែលអាច​នឹងកើត ឡើងនៅខេត្តភាគខាងត្បូងប្រទេស ព្រមទាំងផ្ដល់ព័ត៌មាន​ដល់ប្រជាជន​នៅក្នុងតំបន់​ឱ្យមានការ​ប្រុងប្រយ័ត្នខ្ពស់ ក៏ដូចជាតាមដានជានិច្ចរាល់ព័ត៌មានវិវត្តន៍ និង សេចក្ដីប្រកាសរបស់​រដ្ឋាភិបាល​ស្ដីពីការព្យាករណ៍អាកាសធាតុ។

​គួរបញ្ជាក់ថា នៅក្នុងខេត្ត Surat Thani ក្រុមអាជ្ញាធរថៃ បានចុះធ្វើអធិការកិច្ចនៅកសិដ្ឋាន​ចិញ្ចឹមសត្វក្រពើជាង ៤២កន្លែង នៅក្នុងស្រុកចំនួន៧ ដោយខ្លាចក្រែង សត្វក្រពើច្រើនជាង ៤,០០០ ក្បាល អាចនឹងរួចពីចេញពីកសិដ្ឋានទាំងនេះ នៅក្នុងករណីមានទឹកជំនន់៕