(ន័រវេស)៖ កងម៉ារីន​របស់សហរដ្ឋអាមេរិក​ប្រមាណ​ ៣០០នាក់​បានធ្វើដំណើរ​មកដល់​ប្រទេសន័រវេស​នៅថ្ងៃចន្ទ​ម្សិលមិញ (ម៉ោងក្នុងទីក្រុងអូស្លូ)​ និងបន្តរក្សាវត្តមាន​នៅ​ទី​នោះក្នុង​រយៈពេល​រហូតដល់​ ០៦ខែ ខណៈដែលការចល័តបែបនេះ​​ គឺជាលើកទីមួយហើយចាប់​តាំង​​ពី​សង្រ្គាម​លោក​​លើក​ទី​ពីរ​មក ដែលកង​កម្លាំង​យោធា​​បរទេស​​ត្រូវ​បាន​អនុញ្ញាត​​ឲ្យឈរជើង​​នៅក្នុងប្រទេស​​អឺរ៉ុបខាងជើងមួយនេះ ហើយវាក៏អាចជា​ការរុក​គួន​ប្រទេសរុស្ស៊ីដែលជាអ្នកជិតខាង​របស់​ន័រវេសផងដែរ។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារ​ព័ត៌មាន ​Reuters នៅមុននេះបន្តិចនាព្រឹកថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០១៧។

កងម៉ារីនខាងលើ​ដែលធ្វើ​ដំណើរ​មកពីមូលដ្ឋាន​ទ័ព Camp Lejeune ក្នុងរដ្ឋ North Carolina បានមក​ដល់​អាកាស​យានដ្ឋាន Vaernes ដែល​គ្រប​ដណ្តប់​ទៅដោយព្រិល​ទឹកកក​នៅក្បែរ​ទីក្រុង​ដ៏ធំទីបី Trondheim របស់ប្រទេសន័រវេស​ដែលជាកន្លែង​មានសីតុណ្ហភាព​ដ៏ត្រជាក់​បំផុត។ ​កង​កម្លាំង​របស់​សហរដ្ឋអាមេរិក​នឹង​បន្តស្ថិត​នៅប្រទេសន័រវេស​សម្រាប់​រយៈពេល​មួយឆ្នាំ ជាមួយ​នឹងក្រុមម៉ារីន​ថ្មី​ដែលនឹង​មកជំនួស​កងម៉ារីន​​ប្រហែល​​៣០០​នាក់នេះ ដែលត្រូវ​ត្រឡប់​ទៅមាតុភូមិ​វិញនៅ​ ០៦ខែក្រោយ ហើយ​ពួកគេ​នឹងស្នាក់​នៅមូលដ្ឋាន​យោធា Vaernes ស្ថិតនៅ​ចម្ងាយ​​ប្រមាណ១,៥០០គីឡូម៉ែត្រ ពី​ព្រំប្រទល់​ប្រទេស​រុស្ស៊ី ដើម្បីសិក្សា​អំពីយុទ្ធសាស្រ្ត​ធ្វើសង្រ្គាម​នារដូវត្រជាក់។

អ្នកនាំពាក្យ​យោធាន័រវេស​បានបញ្ជាក់ថា ​ប្រតិបត្តិការខាងលើ​ និងការព្រួយ​បារម្ភ​របស់​អង្គការ NATO ចំពោះ​ប្រទេសរុស្ស៊ីគឺមិនពាក់ព័ន្ធគ្នា​ឡើយ ក៏ប៉ុន្តែការ​បញ្ចូន​កងម៉ារីន​ប្រមាណ ​៣០០នាក់នេះ​ត្រូវបានធ្វើ​ឡើងស្របពេលដែល​សហរដ្ឋអាមេរិក​បញ្ចូន​ទ័ព​ជាច្រើនពាន់នាក់ ​ទៅកាន់​ប្រទេស​ប៉ូឡូញ ដើម្បី​បង្កើន​សាច់ដុំ​បណ្តាសម្ព័ន្ធ​មិត្តរបស់ ខ្លួននៅអឺរ៉ុប​ខាងកើត​ ដែលកំពុងព្រួយ​បារម្ភអំពី​សកម្មភាព​របស់​ទីក្រុង​ម៉ូស្គូ។

កាលពីចុងឆ្នាំ២០១៦ រថយន្តពាសដែក ដែលផ្ទុកពេញដោយទ័ពម៉ារីនរបស់សហរដ្ឋអាមេរិក បានធ្វើដំណើរឆ្លងកាត់ព្រៃស្រល់ដ៏ស្ងាត់ជ្រងំ ជាមួយនឹងសីតុណ្ហភាព ត្រជាក់ ក្រោម​សូន្យអង្សា​ទៅកាន់​តំបន់មួយ ដែលស្ថិតនៅឆ្ងាយពីខ្សែបន្ទាត់​នៃតំបន់​អាក់ទិក ខណៈដែលមាន Drone មិនស្គាល់អត្តសញ្ញាណ កំពុងហោះសំកាំងពីលើពួកគេ។

គួរបញ្ជាក់ថា​ កាលពីឆ្នាំ២០១៤កន្លងទៅនេះ ប្រទេសរុស្ស៊ី​បានបោះជំហានទៅ​រកការ​ឈ្លានពានតំបន់​ដែល​ពួកគេ​ចង់បាន ព្រមទាំងអាចប្រើ​ប្រាស់អំណាច​យោធា​នៅទីនោះ ហើយនេះ​ជា​ហេតុផល​ដែលឲ្យអាមេរិក​ត្រូវផ្លាស់ប្តូរការផ្តោត​ការយកចិត្តទុ​កដាក់ចំពោះប្រទេស អាហ្វហ្គានីស្ថាន ហើយងាកមករួបរួម​កម្លាំង​ការពារជាតិ​ជាមួយសម្ព័ន្ធ​មិត្តក្នុងអង្គការ NATO ​វិញ។ មន្ត្រីសន្តិសុខជាន់ខ្ពស់របស់ប្រទេសណ័រវេស បានប្រាប់​សារព័ត៌មាន CNN ថា​ពួកគេមានក្តីបារម្ភ​ជាខ្លាំងពីការគំរាមកំហែង​របស់ប្រទេស​រុស្ស៊ី បន្ទាប់ពីវិបត្តិ​នៅគ្រីមៀ និងតំបន់ភាគ​ខាងកើតអ៊ុយក្រែន ជាកន្លែងដែលក្រុមបះ​បោរផ្តាច់ខ្លួន​រស់នៅដោយមានរុស្ស៊ីនៅពីក្រោយខ្នង៕