(​បាងកក)៖ វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​បណ្ដោះអាសន្ន​ដោយ​សភាថៃ បានចូលជាធរមាន​ហើយ​នៅថ្ងៃចន្ទនេះ  ដោយវា​នឹងផ្ដល់​អំណាចដល់​ព្រះមហាក្ស​ត្រថៃ ព្រះបាទ មហា វិច្ឆិរ៉ាឡុងកន ក្នុងការ​សម្រេច​ព្រះទ័យ​តែងតាំង​ ឬមិនតែង​តាំងស្តេចរាជា​នុសិទ្ធិ ក្នុងករណី​ដែលទ្រង់​មិនគង់​នៅក្នុង​ប្រទេស ឬមិនអាចបំពេញរាជកិច្ចបាន។ នេះ​បើតាមការ​ចេញផ្សាយ​ដោយ​សារព័ត៌មាន Bangkok Post នៅរសៀលថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០១៧។

ព្រះមហាក្សត្រថៃព្រះបាទ មហា វិច្ឆិរ៉ាឡុងកន បានយល់ព្រម​អនុម័ត​លើវិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នៃ​របបយោធាថៃ​​នៅថ្ងៃអាទិត្យម្សិលមិញ។ ​គួរបញ្ជាក់ថា​អនុឡោមតាម​រដ្ឋធម្មនុញ្ញចាស់ ប្រធាន​ក្រុមប្រឹក្សា​ផ្ទាល់​នៃព្រះមហាក្សត្រថៃ​មានសិទ្ធិដោយ​ស្វ័យប្រវត្តិ​ ក្នុងការជ្រើសរើសស្តេចរាជានុសិទ្ធិ នៅក្នុងករណី​​អវត្តមាន​អង្គព្រះមហាក្សត្រ ក៏ប៉ុន្តែផ្អែកលើការធ្វើសោធនកម្មរដ្ឋធម្មនុញ្ញនេះ អំណាចតែង​តាំង​រាជានុសិទ្ធិ​គឺអាស្រ័យ​ទាំងស្រុង​លើព្រះរាជាដែលគ្រងរាជ្យ ទោះបីទ្រង់ស្ថិតនៅទីណា ឬមានស្ថានភាព​បែបណាក៏ដោយ។

បន្ថែមពីនេះវាក៏នឹងអនុញ្ញាតផងដែរ​ដល់នាយករដ្ឋមន្ត្រី ​ក្នុងការ​ស្នើសុំត្រឡប់​មកវិញ​នូវសេចក្ដីព្រាង​​រដ្ឋធម្មនុញ្ញ​​ពី​ព្រះមហាក្សត្រ​ដើម្បីធ្វើវិសោធនកម្ម អនុឡោមតាម​ការ​យល់ឃើញរបស់ព្រះរាជា។​ ការធ្វើវិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ថ្មីនេះ នឹង​ត្រូវ​បញ្ចប់នៅ​ក្នុង​រយៈពេល​ ៣០ថ្ងៃ តាមឯកសារ​នានាដែលត្រូវបាន​បញ្ជូនត្រឡប់​ទៅកាន់​នាយក​​រដ្ឋមន្ត្រី​វិញ៕