(គូឡាឡាំពួរ)៖ ប៉ូលិសម៉ាឡេស៊ី​បានចាប់ខ្លួនមនុស្សប្រុស ០៦នាក់ ក្រោមបទ​ចោទប្រកាន់​ថា​បានចូលរួម​ក្នុងសកម្មភាព​ផលិត​គ្រាប់បែក ហើយការ​ចាប់ខ្លួន​ជនសង្ស័យ​​ដែលមានអាយុចន្លោះពី ៣០ ទៅ៤០ឆ្នាំ​ទាំងនោះ​ធ្វើឡើងនៅក្នុង​ប្រតិបត្តិការ​វាយឆ្មក់មួយ​នៅក្នុងផ្ទះ​របស់ពួកគេ ស្ថិតនៅ​ក្នុង​ស្រុក Pasir Mas នៃរដ្ឋ Kelantan នៅ​ម៉ោងប្រមាណជា ៤៖០០នាទីព្រឹកថ្ងៃអាទិត្យ។ នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មាន Channel News Asia​ នៅរសៀលថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០១៧។

យោងតាមមេបញ្ជាការប៉ូលិសរដ្ឋ Kelantan លោក អាល់ឌុល រ៉សម៉ាន អ៊ីស្មាអែល (Ab Rahman Ismail) នៅក្នុងប្រតិបត្តិការ​វាយឆ្មក់​ប៉ូលិសបានរកឃើញ និងរឹបអូស​សារ​ធាតុ​ក៏ដូចជា​សម្ភារៈ​ជាច្រើន​ក្នុងនោះ​រួមមាន​ទាំង​ខ្សែភ្លើង និងអាគុយ ដែលត្រូវបាន​គេ​ជឿជាក់​ថា សម្រាប់ប្រើប្រាស់​ក្នុងការផលិត​គ្រាប់បែក។ ថ្លែងបា្រប់​អ្នក​សារព័ត៌មាន​បន្ថែមទៀត លោក អ៊ីស្មាអែល បាន​និយាយថា «យើងពុំទាន់​ដកការសង្ស័យ​ចំពោះលទ្ធភាព ដែលថាជន​សង្ស័យទាំងនេះ អាចមាន​ជាប់ពាក់ព័ន្ធ​នឹងក្រុម ISIS នោះទេ​»

គួរបញ្ជាក់ថាប្រតិបត្តិការវាយឆ្មក់​ខាងលើ​ធ្វើឡើង ចំពេល​ប៉ូលិសម៉ាឡេស៊ី​កំពុងតាម​ប្រមាញ់​បុរសម្នាក់ ក្នុងក្របខ័ណ្ឌនៃការស៊ើបអង្កេត​ជុំវិញការវាយ​ប្រហារលើ អ្នក​បើកបរ​​រថយន្ដឱ្យ​តំណាងរាស្ត្រ​ លោក អាន់ណា មូសា (Annuar Musa) កាលពីថ្ងៃទី១៣ ខែមករា កន្លងទៅនេះ៕